ប្រធានាធិបតីហ្វីលីពីន ឌូតឺតេ៖ «បើយើងអាចសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀន ៣២នាក់ ក្នុងមួយថ្ងៃ នោះវាពិតជារឿងស្រស់បំព្រង សម្រាប់ប្រទេសជាតិ»
17-08-2017 15:53
(ម៉ានីល)៖ ប៉ូលិសហ្វីលីពីនបានដឹកនាំប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងយប់ ដោយបានសម្លាប់ជនសង្ស័យ ២៦នាក់ ក្នុងទីក្រុងម៉ានីល ហើយដែលនេះគឺជាប្រតិបត្តិការបង្ហូរឈាម ជាលើកទី ០២ នៅក្នុងសប្ដាហ៍នេះ ក្រោមក្របខណ្ឌនៃសង្រ្គាមប្រឆាំងគ្រឿងញៀន របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
ទន្ទឹមគ្នានោះកាលពីថ្ងៃចន្ទ ប៉ូលិសហ្វីលីពីនក៏បានអះអាងដែរថា ពួកគេបានបាញ់សម្លាប់មនុស្ស ៣២នាក់ និងឃាត់ខ្លួនមនុស្ស ១០៩នាក់ នៅក្នុងប្រតិបត្តិការវាយឆ្មក់ប្រឆាំងគ្រឿងញៀនជាបន្តបន្ទាប់ នៅឯខេត្តប៊ូឡាកាន់ (Bulacan) ស្ថិតនៅក្បែរទីក្រុងម៉ានីល។ ដោយឡែកជុំវិញប្រតិបត្តិការនេះដែរ ថ្លែងនៅក្នុងពិធីជួបជុំមួយនៅឯវិមានប្រធានាធិបតី លោក ឌូតឺតេ បានកោត សរសើរយ៉ាងខ្លាំងដល់ប៉ូលិសជាតិហ្វីលីពីន។
ប្រធានាធិបតីរូបនេះបានលើកឡើងដូច្នេះថា «វាជារឿងដ៏ស្រស់បំព្រង... បើសិនជាយើងអាចសម្លាប់ពួកគេ (ឧកិដ្ឋជនគ្រឿងញៀន) តែ ៣២នាក់ ក្នុងមួយថ្ងៃនោះវាអាចនឹងជួយយើងកាត់បន្ថយនូវអ្វី ដែលកំពុងបំផ្លាញប្រទេសជាតិរបស់យើង ពោលគឺខ្ញុំចង់និយាយថា គ្រឿងញៀនកំពុងស៊ីប្រទេសយើងទាំងមូល ហើយវានឹងបំផ្លាញប្រទេសមួយនេះ រួមទាំងអ្នកបើទោះជាអ្នកជាជនរងគ្រោះ ឬក៏ឧក្រិដ្ឋជនក៏ដោយ... ដូច្នេះបើយើងមិនបានធ្វើអ្វីទេនោះ នោះវាទើបជាបញ្ហា»។
គួរបញ្ជាក់ថា ចាប់តាំងពី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦មក មនុស្សយ៉ាងហោចណាស់ ៣,៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបោសសំអាតគ្រឿងញៀន។ ម្យ៉ាងវិញទៀត បើទោះជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ ក៏ប៉ុន្តែលោក ឌូតឺតេ នៅតែអះអាងថា លោកនឹងលះបង់តម្លៃគ្រប់យ៉ាង ដើម្បី ការពារសន្តិសុខ និងសន្តិភាពជូនប្រជាជនហ្វីលីពីន៕