(ម៉ូស្គូ)៖ គោលជំហររបស់ប្រទេសរុស្ស៊ី ជុំវិញការបោះឆ្នោតប្រជាមតិរបស់ជនជាតិឃើដ ដើម្បីទាមទារឯករាជ្យចេញពីអ៊ីរ៉ាក់នោះ គឺប្រសើរបំផុត។ នេះបើតាមការលើកឡើងរបស់ប្រធានប្រតិភូនៃក្រុមប្រឹក្សាកំពូលសម្រាប់ការបោះឆ្នោតប្រជាមតិនេះ លោក រ៉ូវ នួរី ហ្សាវ៉ាយ៍ (Rowsch Nuri Shaways) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានគូសបញ្ជាក់ថា ទីក្រុងម៉ូស្គូបានសន្មត់ថា សេចក្តីប្រាថ្នាចង់បានការបោះឆ្នោតប្រជាមតិនេះ របស់ជនជាតិឃើដ គួរតែអនុឡោមតាមក្របខណ្ឌនៃក្បួនច្បាប់អន្តរជាតិ ហើយលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក៏បានសម្តែងក្តីសង្ឃឹមដែរថា ឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋឃើដ នឹងត្រូវបង្ហាញចេញដោយសន្តិវិធី។
បើតាមលោក Shaways ក្រោយពីបានឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ក្រុមប្រឹក្សាកំពូលបានសម្រេចថា ខ្លួនពុំមានបំណងនឹងរៀបចំការបោះឆ្នោតប្រជាមតិនេះឡើង នៅក្នុងអំឡុងពេលពីរឬក៏បីខែខាងមុខនោះឡើយ ខណៈកាលពីថ្ងៃទី០៧ ខែមិថុនា ប្រធានាធិបតីឃើដ លោក ម៉ាសួដ បាហ្សានី (Masoud Barzani) បានប្រកាសពីគោលបំណងរបស់លោកថា នឹងប្រារព្ធការបោះឆ្នោតប្រជាមតិ ដើម្បីទាមទារឯករាជ្យនៃតំបន់ស្វយ័តឃើដ ចេញពីប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី២៥ ខែកញ្ញាខាងមុខ។ ការសម្រេចចិត្តនេះបានទទួលរងការរិះគន់ខ្លាំងៗ ពីសំណាក់រដ្ឋាភិបាលទីក្រុងបាកដាដ និងសហរដ្ឋអាមេរិក ដោយសារតែវាឆាប់រហ័សពេក។
គួរបញ្ជាក់ថា អ៊ីរ៉ង់, អ៊ីរ៉ាក់, តួកគី, និងស៊ីរី សុទ្ធតែមានវត្តមានជនជាតិឃើដភាគតិចទាំងអស់ ក៏ប៉ុន្តែមានតែប្រទេសអ៊ីរ៉ាក់មួយប៉ុណ្ណោះ ដែលមានតំបន់ស្វយ័តផ្លូវការសម្រាប់ជនជាតិឃើដ។ កាលពីឆ្នាំ២០០៥ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ បានទទួលស្គាល់តំបន់ស្វយ័តឃើដ ដែលគ្រប់គ្រងដោយរដ្ឋបាលថ្នាក់តំបន់ឃើដ ខណៈជនជាតិនេះចូលរួមចំណែក ២០ភាគរយ ទៅក្នុងចំនួនប្រជាជនសរុបរបស់ប្រទេសអ៊ីរ៉ាក់៕