(ដាម៉ាស់)៖ អនុរដ្ឋមន្ត្រីការបរទេសស៊ីរី លោក ហ្វាសាល់ ម៉េកដេដ (Faisal Mekdad) បានអះអាងថា រដ្ឋាភិបាលទីក្រុងដាម៉ាស់ នឹងផ្ដល់ជំនួយដល់ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិមកពី អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី (OPCW) ដែលនឹងបំពេញបេសកកម្មស៊ើបអង្កេត ទាក់ទិននឹងការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ លោក Faisal Mekdad បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលស៊ីរី នឹងជួយសម្របសម្រួលដល់ក្រុមអ្នកស៊ើបអង្កេត រហូតដល់ប៉ុស្ដិ៍ត្រួតពិនិត្យចុងក្រោយរបស់កងទ័ពស៊ីរី មុននឹងពួកគេធ្វើដំណើរចូលទៅដល់តំបន់គ្រប់គ្រងដោយ ពួកឧទ្ទាមក្នុងទីក្រុង ខាន់ ហ្សេកគុន (Khan Sheikhun) ខេត្ត អ៊ីដលីប (Idlib)...។ ជាងនេះទៅទៀតទីក្រុងដាម៉ាស់ ស្វាគមន៍ការស៊ើបអង្កេតនេះ ហើយយើងក៏ធ្លាប់បានស្នើសុំដែរ ដូច្នេះយើងសង្ឃឹមថា កិច្ចពិភាក្សាដែលនឹងត្រូវធ្វើឡើងនៅថ្ងៃនេះ (ថ្ងៃពុធ) នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងមានភាពជាក់លាក់»។
គួរបញ្ជាក់ថា បេកសកកម្មស៊ើបអង្កេត នៃក្រុមអ្នកជំនាញមកពី OPCW នឹងស្វែងរកភស្ដុតាងពិតប្រាកដ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីកាលពីខែ មេសាកន្លងទៅ នៅក្នុងទីក្រុង Khan Sheikhun ដោយបានសម្លាប់ និងបង្កឱ្យមនុស្សរបួសយ៉ាងហោចណាស់ជាង ១០០នាក់។ ក៏ប៉ុន្តែរដ្ឋាភិបាលស៊ីរី បានបដិសេធរាល់ការចោទប្រកាន់ និងបានទម្លាក់ការទទួលខុសត្រូវនេះលើពួកឧទ្ទាម៕