(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ក្រុមហ៊ុនយក្សលក់ទំនិញតាមប្រព័ន្ធអ៊ីនធឺណែត អាម៉ាហ្សូន (Amazon) ថា បានបំផ្លាញពាណិជ្ជកម្មធុនតូច និងការងារនៅក្នុងសហរដ្ឋអាមេរិក ខណៈរូបលោកផ្ទាល់កំពុងមានបញ្ហាស្រាប់ ជាមួយអ្នករកស៊ីអាមេរិកធំៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
ថ្លែងក្នុងប្រអប់បញ្ចេញមតិលើបណ្ដាញ Twitter កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «Amazon កំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ពាណិជ្ជករលក់រាយ ដែលជាអ្នកតែងបង់ពន្ធជូនរដ្ឋ... ហើយទីក្រុងនៅទូទាំងសហរដ្ឋអាមេរិក ក៏កំពុងរងការឈឺចាប់ផងដែរ រីឯការងារមួយចំនួនកំពុងបាត់បង់ជាបណ្ដើរៗ»។ យ៉ាងណាក៏ដោយ អតីត មហាសេដ្ឋីអចលនទ្រព្យរូបនេះ មិនបានផ្ដល់ឧទាហរណ៍បញ្ជាក់អ្វីនោះទេ ប៉ុន្តែគេដឹងថា វិស័យលក់រាយនៅសហរដ្ឋអាអាមេរិក មានដូចជាសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកជាដើម ដែលមានអត្រាកំណើនទាប នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាតែការប្រកួតប្រជែងខ្លាំង ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណែត។
ជាក់ស្ដែង បើតាមតួលេខផ្ដល់ដោយក្រុមមន្ត្រីអាមេរិក វិស័យលក់រាយនៅសហរដ្ឋអាមេរិកមានអត្រាកំណើនត្រឹមតែ ០.៦ភាគរយប៉ុណ្ណោះ កាលពីខែកក្កដាកន្លងទៅ បើធៀបទៅនឹងការលក់តាមប្រព័ន្ធអ៊ីនធឺណែត មានកំណើនដល់ទៅ ១.៣ភាគរយ ក្នុងរយៈពេលដូចគ្នា។
គួរបញ្ជាក់ថា ការរិះគន់ខាងលើរបស់ លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីកាសែតអាមេរិក Washington Post ដែលជាកម្មសិទ្ធិនៃនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក ចេហ្វ បេសូហ្វ (Jeff Bezos) បានចេញផ្សាយអត្ថបទមួយដោយរិះគន់លើការអត្ថាធិប្បាយរបស់ លោក ត្រាំ ជុំវិញអំពើហិង្សានៅឯទីក្រុង ឆាឡូតតេស៍វាល (Charlottesville)៕