(អាមេរិក)៖ តើអ្នកមានដឹងទេថា ផែនទីដ៏ពិសេសមួយនៅលើយានអវកាស Voyager ទាំងពីរគ្រឿងរបស់ទីភ្នាក់ងារអវកាស NASA អាចប្រាប់ពីទីតាំងនៃភពផែនដី នៅក្នុងកាឡាក់ស៊ីរាងគូថខ្យងរបស់យើងបាន។ នេះបើតាមការដកស្រង់ព័ត៌មានចេញពីវែបសាយ Nantional Geographic នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
កាលពីប្រមាណជា ៤០ឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជូនផែនទីស្វែងរកភពផែនដី ឲ្យរសាត់អណ្តែតយ៉ាងជ្រៅទៅក្នុងផ្ទៃលំហអាកាស ដោយពួកវាត្រូវបានភ្ជាប់ទៅលើយានអវកាសភ្លោះ Voyager ដែលត្រូវបានបាញ់បង្ហោះកាលពីចុងទសវត្ស១៩៧០ ហើយបច្ចុប្បន្នបានក្លាយជាយានអវកាស នៅសែនឆ្ងាយជាងគេបំផុត ពីភពកំណើតរបស់ពួកវា ខណៈយានមួយក្នុងចំណោមនោះ គឺ Voyager-1 បានឆ្លងចូលទៅក្នុងដែនអវកាស ហួសពីប្រព័ន្ធព្រះអាទិត្យរបស់យើងបាត់ទៅហើយ។
ប្រសិនបើថ្ងៃណាមួយនាពេលអនាគតផែនទីនេះត្រូវបានស្កាត់យក និងបកស្រាយអត្ថន័យដោយពួកអេលៀនមែននោះ វានឹងមិនត្រឹមតែលាតត្រដាងឲ្យគេបានដឹងអំពីកន្លែងដែលត្រូវស្វែងរកភពដ៏តូចច្រឡឹងរបស់យើងនោះទេ តែថែមទាំងបង្ហាញពីពេលដែលយានអវកាសនេះ បានចាកចេញពីភពផែនដីទៀតផង។
គួរបញ្ជាក់ថា នៅពេលដែលបេសកកម្មយានអវកាស Voyager បានចាប់ផ្តើម ក្រុមតារាវិទូមិនទាន់មានភស្តុតាង បញ្ជាក់ពីវត្តមានភពផ្សេងទៀត នៅក្រៅប្រព័ន្ធព្រះអាទិត្យ ឬមួយក៏ភពដែលទំនងជាអាចទ្រទ្រង់ជីវិតអេលៀនបាននៅឡើយទេ។ តែមកទល់បច្ចុប្បន្ន ដោយសារបេសកកម្មថ្មីៗ រួមមានដំណើរផ្សេងព្រេងតាមប្រមាញ់ភព នៃកែវយឺតអវកាស Kepler របស់អង្គការ NASA ជាដើមនោះ ពួកយើងបានដឹងថា ភពគឺសម្បូរវត្តមានណាស់នៅក្នុងកាឡាក់ស៊ីរបស់យើង ក៏ដូចជាចក្រវាឡទាំងមូល ហើយក្នុងចំណោមនោះអាចមានភពជាច្រើនដូចទៅនឹងផែនដីថែមទៀតផង។
យ៉ាងណាមិញ នៅចំពោះមុខនៃរបកគំហើញដ៏អស្ចារ្យនេះ ការជជែកដេញដោលក៏បានកើតមានឡើង ជុំវិញការប្រកាសដោយចេតនា នូវវត្តមានរបស់យើងនៅក្នុងចក្រវាឡ ដោយមានមតិខ្លះយល់ឃើញថា ដំណើរផ្សងព្រេងរបស់ Voyager គឺជារឿងមួយដ៏ឆោតល្ងង់ និងគ្រោះថ្នាក់ព្រោះយើងមិនទាន់ដឹងថា មានអ្វីខ្លះនៅក្នុងដែនអវកាសដ៏ធំល្វឹងល្វើយនោះឡើយ។
វាដូចជាការព្រមានរបស់ លោក ស្ទេហ្វិន ហាគីង (Stephen Hawking) អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ កាលពីប៉ុន្មានខែមុននេះ ដោយព្រមានឲ្យបេសកកម្មមនុស្សទាំងអស់ បញ្ឈប់ការស្វែងរកពពួកអេលៀនតទៅទៀត ព្រោះវានឹងអាចបង្កទុក្ខទោសដល់ផែនដី និងជីវិតមនុស្សផ្ទាល់ ព្រោះយើងមិនដឹងនោះទេថា តើពួកគេនឹងមកក្នុងន័យល្អ ឬអាក្រក់នោះឡើយ៕