(ម៉ូស្គូ)៖ អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក ចន ឃីរាគូ (John Kiriakou) បាននិយាយថា កង្វះខាតនៃការគិតទុកជាមុនរបស់សហរដ្ឋអាមេរិក និងសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ា បច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ថា អតីតមេភេរវករអន្តរជាតិ អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) និងពួកភេរវករជ្រុលនិយមគឺជាអ្នកឈ្នះ នៅក្នុងសង្រ្គាមភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik ពេលឆ្លើយនឹងសំណួរអ្នកសារព័ត៌មានសួរថា តើហេតុអ្វីបានជាកម្មវិធីផ្ដល់អាវុធ និងបណ្ដុះបណ្ដាលក្រុមឧទ្ទាមប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ របស់ CIA បរាជ័យ? លោក John Kiriakou បានគូសបញ្ជាក់យ៉ាងថា «វាគឺដោយសារតែភាពក្រអឺតក្រទមរបស់ CIA, ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC), សេតវិមាន, ក្រសួងការបរទេស, រួមទាំងមន្ទីរបញ្ចកោណ ទើបមិនអាចបញ្ចប់សង្រ្គាមសព្វថ្ងៃនេះបាន...។ មួយវិញទៀត យុទ្ធនាការធ្វើសង្រ្គាមប្រឆាំងនឹងរបបដឹកនាំលីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar al-Gaddafi) និង ការផ្ដួលរំលំរបប សាដាម ហូស្សេន (Saddam Hussein) នៅអ៊ីរ៉ាក់ កងទ័ពអាមេរិកមិនមានគំរោងអ្វីទាល់តែសោះ សម្រាប់នៅក្រោយពេលរបបដឹកនាំទាំងពីរនេះ ដែលខ្លួនហៅថា របបផ្ដាច់ការបានដួលរលំ ហើយ នេះក៏មិនខុសគ្នាដែរទៅនឹងអ្វីដែលសហរដ្ឋអាមេរិក កំពុងធ្វើនៅស៊ីរីបច្ចុប្បន្ន... ដូច្នេះខ្ញុំចង់ប្រាប់អ្នកថា ការផ្ដួលរំលំរបបមួយវាជារឿងងាយស្រួល តែការបង្កើតរបបមួយស្របច្បាប់ទើបវា ជារឿងលំបាក»។
គួរបញ្ជាក់ថា លោក John Kiriakou គឺជាមន្ត្រីអតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ម្នាក់។ លោកមានឈ្មោះបោះសំឡេងខ្លាំង នៅពេលលោកអះអាងប្រាប់អ្នកសារព័ត៌មានថា CIA បានប្រើប្រាស់វិធីដាក់ទណ្ឌកម្មច្រមុជទឹក ដើម្បីសួរចម្លើយអ្នកទោស ជាបណ្តាញរបស់អាល់កៃដា កាលពីឆ្នាំ២០០៧។ ប៉ុន្តែ ក្រោយមកលោកត្រូវបានគេផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ០២ឆ្នាំ ពីបទរំលោភ លើព័ត៌មានសម្ងាត់ជាតិ ដោយផ្ដល់ព័ត៌មានពីការធ្វើទារុណកម្មលើអ្នកទោស ទៅឱ្យកាសែត New York Times កាលពីឆ្នាំ២០០៨៕