(សេអ៊ូល)៖ ភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ ហាក់ដូចជាបានថយចុះវិញហើយ ក្រោយពីសង្រ្គាមពាក្យសម្តីយ៉ាងក្តៅគគុក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានផ្ទុះឡើងកាលពីសប្តាហ៍មុន ប៉ុន្តែកូរ៉េខាងត្បូងបានព្រមានថា នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលធ្វើសមយុទ្ធយោធារួមគ្នាជាថ្មីម្តងទៀត ក្រោមក្រសែភ្នែករបស់ លោក គីម ជុងអ៊ុន នោះការបាញ់សាកល្បងមីស៊ីលផ្លោង ពីសំណាក់ទីក្រុងព្យុងយ៉ាង អាចនឹងកើតឡើងជាបន្តទៀតដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
ស្របពេលដែលសមយុទ្ធយោធា Ulchi Freedom Guardian ត្រូវបានគេកំណត់ថា នឹងប្រព្រឹត្តទៅនាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងនៅក្នុងសេចក្តីការណ៍របស់ខ្លួនថា វាមានលទ្ធភាពខ្ពស់ណាស់ដែលកូរ៉េខាងជើង នឹងធ្វើសកម្មភាពបង្កហេតុណាមួយ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិ រួមទាំងសមយុទ្ធ UFG។ ការធ្វើសមយុទ្ធយោធា UFG ដែលកងទ័ពអាមេរិកបានធ្វើការហាត់សម និងអនុវត្តន៍ការវាយប្រហារទៅលើប្រទេសកូរ៉េខាងជើងនោះ ពុំមែនជារឿងដែលទីក្រុងព្យុងយ៉ាង អាចមើលរំលងបាននោះឡើយ។
គួរបញ្ជាក់ថា យោធាកូរ៉េខាងជើងបានអភិវឌ្ឍន៍ផែនការមួយ សំដៅធ្វើការបាញ់មីស៊ីលផ្លោងព្រមានទៅលើកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ហើយលោក គីម ជុងអ៊ុន បានឲ្យដឹងថា រូបលោកបានត្រួតពិនិត្យយ៉ាងហ្មត់ចត់លើគម្រោងនេះរួចហើយ និងនៅរង់ចាំអង្កេតមើលសិន ថាតើទីក្រុងវ៉ាស៊ីនតោននៅតែបន្តបង្កសកម្មភាពបង្ករឿង ដ៏គ្រោះថ្នាក់ដែរ ឬយ៉ាងណា នៅមុនពេលធ្វើការសម្រេចចិត្តចុងក្រោយថា គួរតែអនុវត្តន៍ផែនការនេះ ឬក៏អត់៕