(ការ៉ាកាស់)៖ អ្នកទោសយ៉ាងហោចណាស់ចំនួន ៣៧នាក់ បានបាត់បង់ជីវិតក្នុងពន្ធនាគារមួយកន្លែង នៅភាគខាងត្បូងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវបានកើតឡើង រវាងក្រុមទណ្ឌិត និងក្រុមមន្រ្តីសន្តិសុខពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
យោងតាមអភិបាលរដ្ឋ អាម៉ាហ្សូណាស់ (Amazonas) លោក លីបូរីយ៉ូ ហ្គារូលឡា (Liborio Guarulla) អំពើហិង្សាខាងលើបានកើតឡើងកាលពីយប់កណ្តាលអាធ្រាតថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ) នៅពន្ធនាគារមួយកន្លែងក្នុងទីក្រុង ភើតូ អាយ៉ាគូចូ (Puerto Ayacucho)។ លោក Guarulla បានឲ្យដឹងថា កងកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារនោះ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីពួកអ្នកទោសបានកាន់កាប់វា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។
គួរបញ្ជាក់ថា បើតាមការិយាល័យអគ្គដ្ឋអាជ្ញាវេណេស៊ុយអេឡា មន្រ្តីសន្តិសុខពន្ធនាគារចំនួន ១៤នាក់ ក៏បានទទួលរងរបួសផងដែរនៅក្នុងការប្រយុទ្ធគ្នានេះ ខណៈអ្នកដែលបានស្លាប់ទាំងអស់សុទ្ធតែជាទណ្ឌិត ហើយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍នេះ៕