(សៀរ៉ាឡេអូ)៖ អាជ្ញាធរសៀរ៉ាឡេអូននៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា មនុស្សជិត ៤០០នាក់ ហើយបានស្លាប់ ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ដ៏ប្រល័យមួយបានវាយប្រហារមកលើតំបន់ ភ្នំ រីជែន (Regent) ស្ថិតនៅក្បែររដ្ឋធានីហ្វី្រថោន (Freetown) នៃប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរនៅក្នុងតំបន់ភ្នំ Regent ភ្លៀងធ្លាក់បានបង្កជាការរអិលបាក់អី និងទឹកជំនន់យ៉ាងគំហុក បណ្ដាលឱ្យផ្ទះជាច្រើនខ្នងត្រូវកប់នៅក្រោមគំនរភក់ ខណៈហេតុការណ៍នេះត្រូវបានគេរាយការណ៍ថា បានវាយប្រហារយ៉ាងសន្ធប់ចាប់តាំងពីដើមសប្តាហ៍នេះមកម្ល៉េះ។ ដោយឡែកក្រុមអ្នកជួយសង្រ្គោះ រួមទាំងយោធាជាច្រើននាក់បាន និងកំពុងបន្តធ្វើប្រតិបត្តិការស្វែងរកប្រជាជនដែលបាត់ខ្លួនសរុប ៦០០នាក់ ហើយគេជឿជាក់ថា ចំនួនអ្នកសា្លប់អាចនឹងកើនឡើងច្រើនជាងចំនួនខាងលើនេះ។
គួររំលឹកថា កាលពីឆ្នាំ២០១៥ រដ្ឋធានីហ្វី្រថោន នៃប្រទេសសៀរ៉ាឡេអូនក៏ធ្លាប់រងគ្រោះដោយសារទឹកជំនន់ក្នុងរដូវមូសុងផងដែរ ដោយនៅកាលណោះមានមនុស្ស ១០នាក់ បានស្លាប់និង បន្សល់ទុកមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងស្នាក់នៅ។ កាលពីដើមសប្តាហ៍នេះ បណ្តាប្រទេសមួយចំនួន ក៏បានសម្រេចផ្តល់ជំនួយជាបណ្តើរៗ ផងដែរដល់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ក្នុងនោះចិនប្រកាសផ្តល់ជំនួយ ២០០ពាន់ដុល្លារ៕