(អ៊ីរ៉ាក់)៖ កងកម្លាំងការពារសន្តិសុខអ៊ីរ៉ាក់សរុបចំនួន ១០នាក់ បានបាត់បង់ជីវិត នៅក្នុងសកម្មភាពវាយប្រហារចំនួន ០៣លើក ទៅលើមូលដ្ឋានទ័ពនានាក្នុងខេត្តសាឡាហ៊ូឌីន (Salahudin) ភាគខាងជើងប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
ព័ត៌មានបានបន្តទៀតថា ក្នុងចំណោមការវាយប្រហារទាំងបីលើកខាងលើនេះ គឺមានមួយលើកជាករណីបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើក្រុង បៃជី (Baiji) ដែលមានចម្ងាយ ២០០គីឡូម៉ែត្រ ពីភាគខាងជើងនៃរដ្ឋធានីបាកដាដរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
គួរបញ្ជាក់ថា បន្ទាប់ពីការបែកបាក់ក្រុងមូស៊ុល ក្រុម ISIS បានរសាត់អណ្តែតពាសពេញតំបន់ភាគខាងជើងអ៊ីរ៉ាក់ ហើយសម្រាប់ទីក្រុងបៃជី គឺធ្លាប់ត្រូវបានក្រុម ISIS ដណ្តើមយកបានពីកងទ័ពរដ្ឋាភិបាល កាលពីខែមិថុនា ឆ្នាំ២០១៤ ប៉ុន្តែត្រូវបានទ័ពអ៊ីរ៉ាក់រំដោះមកវិញ នៅចុងឆ្នាំ២០១៥៕