(កង់បេរ៉ា)៖ ទីភ្នាក់ងារអូស្រ្តាលីដែលបានទទួលបន្ទុកលើ ប្រតិបត្តិការស្វែងរុករកក្រោមទឹក នូវយន្តហោះដឹកអ្នកដំណើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដំណឹងសូន្យឈឹងដោយអាថ៌កំបាំងបំផុតនោះ បានចេញរបាយការណ៍ថ្មីចំនួនពីរ ដែលទំនងជាអាចជួយក្នុងការកំណត់ទីតាំងបាត់ខ្លួន របស់យន្តហោះធុន Boeing 777 នេះបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
នាថ្ងៃពុធនេះ នាយកទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនអូស្រ្តាលី ATSB លោក ហ្គ្រេក ហ៊ូដ (Greg Hood) បានចេញសេចក្តីថ្លែងការណ៍មួយ អមដោយរបាយការណ៍ថ្មីចំនួនពីរ របស់ទីភ្នាក់ងារស្រាវជ្រាវវិទ្យាសាស្រ្ត-ភូមិសាស្រ្ត Geosciences Australia និងអង្គការ CSIRO ដែលបានចង្អុលទៅរកទីតាំងស្វែងរក ដែលមានទំហំតូច និងអាចត្រឹមត្រូវជាងមុន សម្រាប់យន្តហោះដឹកអ្នកដំណើរ ដែលបានបាត់ដំណឹង។
លោក Hood បានឲ្យដឹងថា ទីភ្នាក់ងារ Geosciences Australia បានធ្វើការវិភាគទៅលើរូបភាពផ្កាយរណប នៃតំបន់ដែលជាទីតាំងយន្តហោះ MH370 ប្រហែលជាអាចបាត់ខ្លួន និងបានរកឃើញវត្ថុមួយចំនួននៅក្រោមផ្ទៃមហាសមុទ្រ ក៏ប៉ុន្តែវត្ថុទាំងអស់នោះ ពុំទាន់ត្រូវបានកំណត់ឲ្យច្បាស់នៅឡើយទេថា ជារបស់យន្តហោះដ៏អភ័ព្វនោះ ឬយ៉ាងណា។ លោក Hood បានបន្តថា ស្របពេលដែលអូស្រ្តាលីតែឯង មិនអាចធ្វើការសម្រេចថា តើគួរចាប់ផ្តើមប្រតិបត្តិការរុករកក្រោមទឹកថ្មីមួយទៀតដែរ ឬក៏អត់នោះ ទិន្នន័យចុងក្រោយនេះ អាចនឹងមានសារៈប្រយោជន៍យ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានដល់កិច្ចខិតខំស្វែងរកដទៃទៀត ដែលនឹងអាចធ្វើឡើងនាពេលអនាគត។
គួរបញ្ជាក់ថា ប្រតិបត្តិការរុករកក្រោមទឹកចំពោះយន្តហោះ MH370 ដែលបានបាត់ខ្លួនកាលពីឆ្នាំ២០១៤នោះ ត្រូវបានបិទបញ្ចប់កាលពីខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានចំណាយពេលជិតបីឆ្នាំ ដោយពុំទទួលបានលទ្ធផលផ្លែផ្កាអ្វី ក៏ប៉ុន្តែ ATSB និងទីភ្នាក់ងារដទៃទៀត នៅតែបន្តបង្កើតគំរូតាងផ្សេងៗ និងធ្វើការវិភាគរូបភាពពីផ្កាយរណបជាដើម។ យន្តហោះដែលមានជោគវាសនាដ៏អភ័ព្វនេះ មានគោលដៅធ្វើដំណើរពីទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដោយមានផ្ទុកមនុស្សសរុបទាំងអស់ចំនួន ២៣៩នាក់ នៅលើនោះ នៅពេលដែលវាបានបាត់ដំណឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤៕