(តៃប៉ិ)៖ បន្ទាប់ពីមានហេតុការណ៍ដាច់ចរន្តអគ្គិសនីជាង ០៤ម៉ោង នៅទូទាំងកោះតៃវ៉ាន់ ក្រុមអ្នកជំនាញអគ្គិសនីបានស្នើឱ្យមានការត្រួតពិនិត្យ និងកែប្រែឡើងវិញនូវប្រព័ន្ធថាមពល ដើម្បីជៀសវាងកុំឱ្យហេតុការណ៍បែបនេះកើតឡើងសាជាថ្មី ខណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក លី ជីគង់ (Lee Chih-kung) បានសម្រេចចិត្តសុំលាលែងពីមុខតំណែង ជាការទទួលខុសត្រូវលើបញ្ហាដែលបានកើតឡើងថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Taiwan News នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះ ក្រុមអ្នកជំនាញទំាងនេះ ក៏បានជំរុញអាជ្ញាធរតៃវ៉ាន់ ផ្ដល់ដំណោះស្រាយផងដែរ នៅពេលមានករណីដាច់ចរន្តអគ្គិសនី នៅអំឡុងរដូវក្ដៅ។ ជានេះទៅទៀតពួកគេសន្មត់ថា បញ្ហាដាច់ចរន្តអគ្គិសនី គឺអាចបណ្ដាលមកពីបញ្ហាបន្តិចបន្ដួច នៅឯស្ថានីយ៍ថាមពល តាតាន (Tatan) ក្នុងទីក្រុង តាវយាន (Taoyuan) រីឯក្រុមអ្នកជំនាញខ្លះទៀត បានបញ្ចេញមតិផ្សេងៗគ្នាលើបញ្ហាប្រឈមពីរ នោះគឺការរំខាន និងកង្វះខាតថាមពល។ ក៏ប៉ុន្តែ លោក ហ៊ុង ហ្សេន ហាន (Hung Shen-han) ជាអគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធភាពសកម្មភាពប្រជាជនបៃតង (Green Citizens' Action Alliance) បាននិយាយថា បញ្ហាដាច់ចរន្តអគ្គិសនី កាលពីថ្ងៃអង្គារ គឺអាចបណ្ដាលមកពីភាពផុយស្រួយ នៃប្រព័ន្ធថាមពលដែលមានស្រាប់ ឬក៏ដោយសារបញ្ហាចរន្តអគ្គិសនីទាំងស្រុងតែម្ដង។
គួរបញ្ជាក់ថា បើតាមលោក Hung Shen-han វាពិតជាចាំបាច់ណាស់ ដែលក្រុមហ៊ុនរដ្ឋ Taiwan Power Corporation គួរតែចាប់ផ្ដើមធ្វើកំណែរទម្រង់លើបណ្ដាញផលិត និងផ្គត់ផ្គង់ថាមពលអគ្គិសនី ឱ្យទៅជាការចែកចាយថាមពល និងប្រព័ន្ធផ្គត់ផ្គង់ដ៏ខ្លាំងវិញ៕