(ញូដេលី)៖ គ្រោះទឹកជំនន់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានវាយលុករដ្ឋ ប៊ីហារ (Bihar) ភាគខាងកើតប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្សយ៉ាងតិចចំនួន ៩១នាក់ និងបង្កផលប៉ះពាល់ដល់មនុស្សជាង ៩.៦លាននាក់ ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរឥណ្ឌាការធ្លាក់ភ្លៀងយ៉ាងជោគជាំ ក្នុងអំឡុងពេលបីថ្ងៃកន្លងទៅនេះ បានបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបានធ្វើឲ្យជន់លិចផ្ទៃដីយ៉ាងធំនៅតាមបណ្តាសង្កាត់ជាច្រើន ភាគខាងជើង និងខាងកើតនៃទីក្រុង ផាត់ណា (Patna) របស់ខេត្ត Bihar។ លើសពីនេះការធ្លាក់ភ្លៀងឥតឈប់ឈរនៅតាមតំបន់ទាក់ទាញទឹកភ្លៀង ក្នុងប្រទេសនេប៉ាល់ ដែលនៅក្បែរខាងគ្នានោះ ក៏បានចូលរួមបង្កឲ្យស្ថានការណ៍ កាន់តែអាក្រក់ថែមទៀតផងដែរ។
គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យជម្លៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលក្រុមភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិងកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះយ៉ាងសកម្ម ហើយអាជ្ញាធរប្រចាំតំបន់ ក៏បានរៀបចំជំរុំជ្រកកោនជាបណ្តោះអាសន្ន ឲ្យអ្នកដែលបានទទួលរងផលប៉ះពាល់ និងថែមទាំងបានប្រកាសផ្តល់ថវិកា លើកទឹកចិត្តដល់ក្រុមគ្រួសារ ដែលបានបាត់បង់សមាជិករបស់ពួកគេ ដោយសារគ្រោះទឹកជំនន់នេះ ក្នុងមួយគ្រួសារចំនួន ៦,២១៦ដុល្លារ ផងដែរ៕