(ប៉េកាំង)៖ ទិន្នន័យចុងក្រោយ ដែលត្រូវបានផ្ដល់ដោយក្រសួងរតនាគារជាតិអាមេរិកបានបង្ហាញថា ប្រទេសចិនបានត្រឡប់មកក្លាយជា ម្ចាស់កាន់កាប់ប័ណ្ណបំណុលរតនាគារអាមេរិក ធំជាងគេបំផុតនៅលើពិភពលោកសាជាថ្មីកាលពីខែមិថុនា ពោលគឺ ០៩ខែ បន្ទាប់ពីជប៉ុនបានគ្រប់គ្រងតំណែងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
យោងតាមទិន្នន័យនេះដដែល ការកាន់កាប់ប័ណ្ណរតនាគារអាមេរិករបស់ចិនបានកើនឡើង ៤៤.៣ពាន់លានដុល្លារអាមេរិក កាលពីខែមិថុនា ឬកើនឡើង០៥ខែជាប់ៗគ្នា ជាមួយនឹងប័ណ្ឌ បំណុលសរុប ១.១៤៦៥ទ្រីលានដុល្លារ ខណៈជប៉ុនដែលបានកាន់តំណែងជាម្ចាស់ប័ណ្ណបំណុលរតនាគារអាមេរិក កាលពីខែតុលា បានធ្លាក់ចុះមកនៅត្រឹម ១.០៩០៨ទ្រីលានដុល្លារ ក្រោយធ្លាក់ចុះ ២០.៥ពាន់លានដុល្លារ។ ដោយឡែកកាលពីចុងខែមិថុនា ប័ណ្ណបំណុលបរទេសនៃរតនាគារជាតិអាមេរិក ក៏បានកើនឡើងពី ៦.១២៣៦ ទ្រីលានដុល្លារ ដល់ ៦.១៧១៣ទ្រីលានដុល្លារ ផងដែរបើធៀបទៅនឹងខែមុនៗ។
គួរបញ្ជាក់ថា ការឡើងការកាន់កាប់ប័ណ្ណបំណុលរបស់ចិន នៅរតនាគារជាតិអាមេរិកកើតមានឡើងនៅចំពេលដែលសម្ពាធលំហូរចេញ នៃមូលធននៅក្នុងប្រទេសចិនបានថយចុះ រីឯប្រាក់យ័ន ចេះតែឡើងថ្លៃ៕