(ប៉េកាំង)៖ ចិននៅថ្ងៃអង្គារសប្ដាហ៍នេះ បានដាក់ឱ្យដំណើរការសាកល្បងរថយន្ដក្រុងឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួន ដែលអាចរត់លើផ្លូវដោយស្វ័យប្រវត្តិ និងប្រើប្រាស់ដោយថាមពលអគ្គិសនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
យោងតាមក្រុមហ៊ុនរដ្ឋចិនផ្នែកវិស័យដឹកជញ្ជូន CRRC ការធ្វើតេស្ដនេះធ្វើឡើងនៅលើដងផ្លូវក្នុងទីក្រុង ស៊ូចូវ (Zhuzhou) នៃខេត្ត ហ៊ុយណាន (Hunan) ភាគកណ្ដាលប្រទេសចិន។ រថយន្ដក្រុងនេះមានប្រវែង ១២ម៉ែត្រ ដើរដោយថាមពលអគ្គិសនី ព្រមទំាងអាចគ្រប់គ្រងដោយប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិទៀតផង ហើយមិនតែប៉ុណ្ណោះវាអាចរត់បានល្បឿន ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈអាជ្ញាធរចិនរំពឹងថា រថយន្ដក្រុងឆ្លាតវៃនេះ អាចនឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង៕