(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា បច្ចុប្បន្នមានសញ្ញាណមួយចំនួនបង្ហាញថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានធូរស្រាលឡើងវិញ ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ណាស់ ត្រូវតែធ្វើការងាររួមគ្នា ដើម្បីដោះស្រាយវិបត្តិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក វ៉ាង យី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ កាលពីថ្ងៃអង្គារ។ លោករដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានធូរស្រាលបន្តិចឡើងវិញ ប៉ុន្តែចាំបាច់ណាស់ត្រូវភាគីពាក់ព័ន្ធទំាងអស់ ត្រូវតែធ្វើការងាររួមគ្នា ដើម្បីដោះស្រាយវិបត្តិ «ខែសីហា» នេះ។
ដោយឡែកទាក់ទិននឹងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យក្រុមមន្ត្រីរបស់លោកបើកការស៊ើបអង្កេត នូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនចោទថា ចិនបានលួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនអាមេរិក ក្នុងទំហំទឹកប្រាក់ដល់ទៅ ៦០០ពាន់លានដុល្លារ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសផ្អាកការនាំចូលធ្យូងថ្ម រ៉ែ និងផលិតផលគ្រឿងសមុទ្រពីកូរ៉េខាងជើង។ ការសម្រេចចិត្តនេះ ធ្វើឡើងអនុឡោមទៅតាមដំណោះស្រាយដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខយូអិន ដែលមានគោលបំណងកាត់បន្ថយប្រាក់ចំណូលពីវីស័យនាំចេញរបស់ទីក្រុងព្យុងយ៉ាង ០៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញខ្លះយល់ថា សហរដ្ឋអាមេរិកដាក់សម្ពាធលើចិនឱ្យចូលរួមអនុវត្តន៍ដំណោះស្រាយនេះ គឺមានគោលបំណងចង់បំបែកបំបាក់ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង។
គួររំលឹកថា ក្នុងខែសីហានេះស្ថានភាពនៅលើឧបទ្វីបកូរ៉េ បានដើរដល់ដំណាក់កាលតានតឹងបំផុត រហូតដល់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង គំរាមធ្វើសង្រ្គាមដាក់គ្នាទៅវិញទៅមក។ តែទោះជាយ៉ាងក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន អះអាងថា សហរដ្ឋអាមេរិកនៅតែបន្តមានចេតនាចង់ជួបចរចាគ្នាជាមួយកូរ៉េខាងជើងដដែល បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសម្រេចផ្អាកគម្រោងនៃការបាញ់មីស៊ីលតម្រង់ទៅរកកោះហ្គាំ (Guam) ដែលបាននាំឲ្យពិភពលោកទាំងមូល បង្ហាញក្តីព្រួយបារម្ភលើសពេលណាៗទាំងអស់នោះ៕