(ស៊ីដនី)៖ លុយដុល្លារអាមេរិក និងទីផ្សារហ៊ុននៅអាស៊ី ចាប់ផ្តើមមានសន្ទុះឡើងវិញហើយនាថ្ងៃពុធនេះ ស្របពេលដែលភាពតានតឹងដ៏ក្តៅគគុក ក្នុងអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងបានថមថយកម្តៅបន្តិចវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពីបណ្តាញ Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចពន្យាពេលលើការបាញ់គ្រាប់មីស៊ីល សំដៅទៅរកកោះហ្គាំ (Guam) ដោយលោកនឹងនៅទន្ទឹងរង់ចាំមើលសកម្មភាពរបស់សហរដ្ឋអាមេរិកសិន ហើយទីក្រុងវ៉ាស៊ីនតោនវិញបានឲ្យដឹងថា ខ្លួននៅតែមានចំណាប់អារម្មណ៍ លើការបើកកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាងដដែល ដោយវាអាស្រ័យតែទៅលើ លោក គីម ផ្ទាល់ប៉ុណ្ណោះថា ចង់ ឬមិនចង់នោះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនបន្ទាប់ពីយោធាកូរ៉េខាងជើង បានប្រកាសពីផែនការវាយប្រហារមីស៊ីល ដើម្បីព្រមានកោះហ្គាំ ដែលជាតំបន់រដ្ឋបាលអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក ទីផ្សារភាគហ៊ុនអាស៊ី និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះភ្លាមៗតែម្តង ដោយសារតែកូរ៉េខាងជើងហាក់បង្ហាញសញ្ញាព្រមានច្បាស់លាស់ខ្លាំងជាងរាល់ដង ជាការឆ្លើយតបចំពោះទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីសំណាក់យូអិន និងសហរដ្ឋអាមេរិក៕