(ហូជីមិញ)៖ តុលាការប្រទេសវៀតណាមបានសម្រេចផ្តន្ទាទោសប្រហារជីវិត មេជួញដូរគ្រឿងញៀនវ័យ ៣៤ឆ្នាំម្នាក់ ខណៈបក្ខពួកបីនាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
តុលាការខេត្ត ប៊ីញ ឌុង (Binh Duong) ភាគខាងត្បូងប្រទេសវៀតណាម នាសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសប្រហារជីវិត លោក ឌូ ហ្សួនឡយ (Do Xuan Loi) ដែលមានស្រុកកំណើតនៅខេត្ត ធួ ធានហួ (Thua Thien Hue) ភាគកណ្តាលប្រទេស ខណៈបុរសបីនាក់ផ្សេងទៀតមកពីខេត្ត ប៊ីញ ថាញ់ (Binh Thuan) ភាគកណ្តាល, ខេត្ត អាន គាំង (An Giang) ភាគខាងត្បូង, និងទីក្រុងហូជីមិញ ដោយក្នុងនោះរួមមានទាំងបងប្រុសប្រពន្ធរបស់ លោក Loi ផងដែរ។
នៅមុនការចាប់ខ្លួនរបស់អ្នកទាំងបួនកាលពីឆ្នាំ២០១៥ លោក Loi និងបក្ខពួកបានជួញដូរ និងដឹកជញ្ជូនថ្នាំញៀនទម្ងន់ ០៧គីឡូក្រាម ពីទីក្រុង ហៃ ហ្វុង (Hai Phong) ភាគខាងជើង ទៅកាន់តំបន់ភាគខាងត្បូងប្រទេសវៀតណាម ដើម្បីលក់ចែកចាយបន្ត ហើយថែមទាំងបានផ្ទុកអាវុធដោយខុសច្បាប់ចំនួនបីដើមទៀតផង។
គួរបញ្ជាក់ថា យោងតាមច្បាប់របស់ប្រទេសវៀតណាម ជនទាំងឡាយណា ដែលមានទោសពីបទរត់ពន្ធគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីនលើសពី ៦០០ក្រាម ឬក៏ប្រភេទមេតាំហ្វេតាមីនច្រើនជាង ២.៥គីឡូក្រាម នឹងត្រូវប្រហារជីវិតចោល។ ម៉្យាងវិញទៀត ការផលិត និងជួញដូរហេរ៉ូអ៊ីនចាប់ពី ១០០ក្រាម ឡើងទៅ ឬមួយគ្រឿងញៀនមិនស្របច្បាប់ដទៃផ្សេងទៀតចាប់ពី ៣០០ក្រាមទៅ នឹងត្រូវប្រឈមមុខទោសប្រហារជីវិតដូចគ្នា៕