(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅតែបន្តមានចេតនា ចង់ជួបចរចាគ្នាជាមួយកូរ៉េខាងជើងដដែល បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសម្រេចផ្អាកគម្រោងនៃការបាញ់មីស៊ីលតម្រង់ទៅរកកោះហ្គាំ (Guam)។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
ទោះជាបែបនេះក្តី លោក Tillerson បានបញ្ជាក់យ៉ាងច្បាស់ថា រឿងនេះវាអាស្រ័យតែទៅលើ ប្រទេសកូរ៉េខាងជើងប៉ុណ្ណោះ។ ប្រមុខការទូតអាមេរិក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯក្រសួងការបរទេសថា «យើងនៅតែបន្តមានចំណាប់អារម្មណ៍ ក្នុងការរិះរកផ្លូវ ដើម្បីឈានដល់កិច្ចចរចាណាមួយ ក៏ប៉ុន្តែរឿងនេះវាអាស្រ័យទៅលើតែ លោក គីម ជុងអ៊ុន ប៉ុណ្ណោះ»។ យ៉ាងណាមិញ លោក Tillerson មិនបានបញ្ជាក់លម្អិតនោះឡើយ តែលោកធ្លាប់បាននិយាយថា កូរ៉េខាងជើង អាចបង្ហាញសញ្ញាពីការចង់បើកកិច្ចចរចា ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ តាមរយៈការបញ្ឈប់ការធ្វើតេស្តមីស៊ីលរបស់ខ្លួន។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងកាន់តែក្តៅឡើងកាលពីសប្តាហ៍មុននេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានគំរាមបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួន ០៤គ្រាប់ សំដៅទៅរកកោះហ្គាំរបស់សហរដ្ឋអាមេរិក។ ដោយឡែកប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចផ្អាកគម្រោងនេះកាលពីថ្ងៃអង្គារម្សិលមិញដោយនិយាយថា លោកនឹងនៅរង់ចាំមើលសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនបន្តិចទៀតសិន៕