(ការ៉ាកាស់)៖ អាជ្ញាធរវេណេស៊ុយអេឡាបានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅឯផ្លូវរថភ្លើងក្រោមដី Plaza Venezuela ស្ថិតនៅក្នុងរដ្ឋធានីការ៉ាកាស់ នៅថ្ងៃអង្គារ (ពេលវេលាក្នុងទីក្រុងការ៉ាកាស់) ដោយបានបង្ខំឱ្យអាជ្ញាធរ សម្រេចចិត្តផ្អាកចរាចរណ៍រថភ្លើងជាបណ្ដោះអាសន្ន។ នេះបើតាមការចេញដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ បន្ទាប់ហេតុការណ៍នេះកើតឡើង អ្នកដំណើរជាច្រើននាក់ ត្រូវបានគេជម្លៀសចេញពីស្ថានីយ៍រថភ្លើងក្រោមដី។ ចំណែកឯក្រុមមន្ត្រី បានបញ្ជាក់ថា ការផ្ទុះនេះទំនងជាបង្កឡើងបញ្ហាបច្ចេកទេសនៃទូររថភ្លើងមួយ ខណៈមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះនោះទេ។ ស្ថានីយ៍រថភ្លើងក្រោមដី Plaza Venezuela គឺមាន ទីតាំងស្ថិតនៅកណ្ដាលរដ្ឋធានីការ៉ាកាស់។
សម្រាប់ហេតុការណ៍ផ្ទុះនេះផងដែរ បានកើតមានឡើងអំឡុងពេលដែលប្រទេសវេណេស៊ុយអេឡា កំពុងតែប្រឈមមុខនឹងវិបត្តិនយោបាយធ្ងន់ធ្ងរ ខណៈបាតុកម្មបន្ថែមអាចនឹងផ្ទុះឡើងដោយបក្សប្រឆាំង ដែលនៅតែមិនសុខចិត្តចំពោះការបង្កើតសភាធម្មនុញ្ញថ្មី ដោយប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន ហើយសហរដ្ឋអាមេរិក និងបណ្តារដ្ឋអាមេរិកឡាទីន ក៏គ្រោងធ្វើការកៀបសង្កត់ផ្នែកសេដ្ឋកិច្ច បន្ថែមមកលើសម្ព័ន្ធមិត្តរុស្ស៊ីមួយនេះផងដែរ៕