ព័ត៌មានក្តៅ! ពេលនេះអ៊ីរ៉ង់ «ត្រៀមខ្លួនទប់ទល់ទណ្ឌកម្មអាមេរិក ដោយបង្កើនកញ្ចប់ថវិកាយោធាដល់ទៅ ៨០០លានដុល្លារ» និងគ្រោងបញ្ជូននាវាយោធា ទៅសមុទ្រអាត្លង់ទិក!
16-08-2017 09:49
(តេហេរ៉ង់)៖ ប្រឈមមុខនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នៅពេលនេះរដ្ឋាភិបាលអ៊ីរ៉ង់ បានចាប់ផ្ដើមចាត់វិធានការឆ្លើយតបជាបណ្ដើរៗហើយ ក្នុងនោះរួមមានទំាងបង្កើនកញ្ចប់ថវិកាការពារជាតិ និងស៊ើបការណ៍សម្ងាត់ចន្លោះពី ៦០០ ទៅ ៨០០លានដុល្លារ ក៏ដូចជាកំពុងគិតគូរលើការបញ្ជូននាវាយោធា ទៅកាន់តំបន់មហាសមុទ្រអាត្លង់ទិកផងដែរ។ នេះបើតាមមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក ហាប៊ីបូលឡាហ៍ សៃយ៉ារី (Habibollah Sayyari) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
យោងតាម លោក Sayyari បច្ចុប្បន្នមិនមានមន្រ្តីយោធាណាមួយនៅក្នុងពិភពលោកគិតថា អ៊ីរ៉ង់អាចធ្វើដំណើរជុំវិញទ្វីបអាហ្វ្រិក រួចឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក កាត់តាមព្រែក ជីកស៊ុយអេបាននោះទេ ក៏ប៉ុន្តែទីក្រុងតេហេរ៉ង់បានធ្វើវា ដូចដែលខ្លួនបានប្រកាសថា ចង់ធ្វើដំណើរទៅកាន់មហាសមុទ្រអាត្លង់ទិច និងដែនទឹកភាគខាងលិច។ លោក Sayyari បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងកំពុងគិតគូរលើការធ្វើដំណើរទៅកាន់មហាសមុទ្រអាត្លង់ទិក ហើយយើងនឹងធ្វើដំណើរទៅកាន់តំបន់ដែនទឹកខាងលិច នៅក្នុងពេលឆាប់ៗនេះ... ម្យ៉ាងវិញទៀត ការបង្កើនវត្តមានឡើងវិញនៅមហាសមុទ្រអាត្លង់ទិច, ការស៊ើបការណ៍សម្ងាត់ និងការអភិវឌ្ឍទំនាក់ទំនង កំពុងដំណើរការទៅមុខស្របតាមការអភិវឌ្ឍ នៃឈូងសមុទ្រ Makran និងគំរោងសាងសង់នាវាចម្បាំងជំនាន់ថ្មីរបស់អ៊ីរ៉ង់ នៅក្នុងឆ្នាំ២០១៧នេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាទាំងទើសទាល់លើសេចក្ដីព្រាងច្បាប់ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ ដែលត្រូវបានសភាអាមេរិកទំាងពីរ។ ប៉ុន្តែជាមួយគ្នា លោក ត្រាំ ក៏បានបញ្ជាក់ដែរថា ច្បាប់នេះនៅមានចន្លោះប្រហោងច្រើន និងមានតែធ្វើប្រទេសទាំងបីនេះកាន់តែខិតជិតគ្នា ហើយថា លោកបានចុះហត្ថលេខាលើច្បាប់នេះ ដើម្បីការឯកភាពជាតិតែប៉ុណ្ណោះ៕