(លីសបោន)៖ មនុស្សចំនួន ១២នាក់បានស្លាប់ និង ៥២នាក់រងរបួស បន្ទាប់ពីដើមឈើមួយដើមដ៏ធំ និងខ្ពស់មានអាយុកាល ២០០ឆ្នាំ បានរលំសង្កត់លើពួកគេ កាលពីល្ងាចថ្ងៃអង្គារ (ម៉ោងនៅទីក្រុងលីសបោន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។
ឧប្បទ្ទវហេតុខាងលើនេះ បានកើតមានឡើងនៅទីលាន ឡាហ្គោ ដា ហ្វុនតេ (Largo da Fonte) ស្ថិតនៅក្នុងសង្កាត់ ម៉ុងតេ (Monte) នៃទីក្រុងហ្វាំងចាល់ (Funchal) របស់កោះម៉ាឌារ៉ា (Madeira) ដោយមនុស្សម្នាដែលបានរងគ្រោះទាំងអស់នោះ គឺបានទៅចូលរួមពិធីបុណ្យសាសនាមួយនៅក្នុងតំបន់។ មនុស្ស ១០នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងដើមឈើរលំសង្កត់ ហើយ០២នាក់ទៀតបានស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយក្នុងនោះក៏មានកុមារម្នាក់ផងដែរ។
គួរបញ្ជាក់តាមសម្តីមន្ត្រីសុខាភិបាលក្នុងតំបន់ គឺលោក ផេដ្រូ រ៉ាម៉ូស (Pedro Ramos) បានថ្លែងថា មនុស្សចំនួន ០៧នាក់ ក្នុងចំណោមអ្នករងរបួសទាំងអស់ ៥២នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ មកទល់នឹងពេលនេះ គឺនៅមិនទាន់មានការបញ្ជាក់ថា មូលហេតុអ្វីបានជាបណ្តាលឲ្យ ដើមឈើរលំយ៉ាងទាន់ហន់បែបនេះដែរ ប៉ុន្តែមតិពីសាធារណជនជាច្រើន បានរិះគន់ចំពោះអាជ្ញាធរ ដែលមិនអាចធ្វើការគណនា និងពិនិត្យដឹងពីសុវត្ថិភាពនៃដើមឈើធំៗ ដែលងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុបំផុតនោះ៕