(វ៉ាស៊ីនតោន)៖ ប្រទេស កូរ៉េខាងជើងទំនងជាប្រើប្រាស់បណ្តាញពាណិជ្ជកម្មខុសច្បាប់ដើម្បីទិញម៉ាស៊ីនគ្រាប់រ៉ុកកែត ដែលមានថាមពលខ្លាំងក្លា ដែលម៉ាស៊ីននេះ ត្រូវបានផលិតឡើងដោយរោងចក្រប្រទេសអ៊ុយក្រែន នេះបើយោងតាមការវិភាគថ្មីចេញពីវិទ្យាស្ថានអន្តរជាតិ ដើម្បីការសិក្សាយុទ្ធសាស្ត្រដកស្រង់ដោយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។
សេចក្តីប្រកាសនេះ អាចជួយបង្ហាញនូវការបោះជំហានមួយកម្រិតទៀតដ៏គួរឱ្យភ្ញាក់ផ្អើលឆ្ពោះទៅរកសមត្ថភាព នៃការផលិតគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ របស់ប្រទេសដ៏សាហាវកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងដោយភាពអាថ៌កំបាំងនូវគ្រាប់មីស៊ីលសម្រាប់បាញ់ផ្លោងឆ្លងទ្វីប ជាពិសេសបន្ទាប់ពីភាពបរាជ័យ ក្នុងការបាញ់សាល្បងគ្រាប់មីស៊ីលចម្ងាយមធ្យមកាលពីឆ្នាំ២០១៦កន្លងទៅនេះ។ ការបោះជំហានយ៉ាងឆាប់រហ័សនេះវាហួសពីការរំពឹងទុក របស់ភ្នាក់ងារស៊ើបការរបស់សហរដ្ឋអាមេរិកទៅទៀត។
ភស្ថុតាងដែលត្រូវបានបង្ហាញដោយក្រុមអ្នកវិភាគស្តីពីសន្តិសុខសកល បានសន្និដ្ឋានថា ប្រទេស កូរ៉េខាងជើងអាចនឹងទិញ បច្ចេកវិទ្យា ថាមពលសម្រាប់ បង្កើតកម្លាំងរុញច្រាន ដើម្បីបំពាក់ទៅលើគ្រាប់រ៉ុកកែត Hwasong-14 និងគ្រាប់ រ៉ុកកែត Hwasong-12។ ម៉ាស៊ីនទាំងនេះទំនងជាត្រូវបានទិញ ពីទីផ្សារងងឹតប្រទេស រុស្ស៊ី ឬប្រទេសអ៊ុយក្រែន។
«ភស្ថុតាងបានបង្ហាញថា កូរ៉េខាងជើងទទួលបានគ្រឿងម៉ាស៊ីនសម្រាប់បំពាក់លើអាវុធ ពីសំណាក់បរទេស ហើយកូរ៉េខាងជើងទទួលបានជោគជ័យក្នុងការ បំពាក់ម៉ាស៊ីនទាំងនោះក្នុងតួនៃគ្រាប់មីស៊ីល ព្រមទាំងទទួលបានជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីល ចំនួនពីរដងទាំងរយៈចម្ងាយមធ្យម និងឆ្លងទ្វីប កាលពីខែឧសភា និងខែកក្កដាកន្លងទៅនេះ» នេះជាការលើកឡើងរបស់លោក Michael Ellenman អ្នកជំនាញផ្នែកគ្រាប់មីស៊ីល និងនិពន្ធម្នាក់ប្រាប់ ភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃចន្ទកន្លងទៅនេះ៕