(ហ្សាកាតា)៖ ប៉ូលិសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ បានឃាត់ខ្លួនមនុស្ស០៥នាក់ ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងពួក ISIS ព្រមទាំងបានរឹបអូស សាធាតុគីមីមួយចំនួននៅក្បែររដ្ឋធានីហ្សាកាតា ដែលពួកគេជឿជាក់ថា ត្រូវគេគ្រោងយកទៅប្រើប្រាស់ដើម្បីផលិតជាគ្រាប់បែកវាយប្រហារលើ វិមានប្រធានាធិបតីនៅចុងខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
យោងតាមប៉ូលិសឥណ្ឌូនេស៊ី ក្នុងចំណោមមនុស្សទាំង០៥នាក់ខាងលើ មានពីរនាក់ជាប្ដីប្រពន្ធនឹងគ្នាត្រូវបានគេនិទេសពីទីក្រុងហុងកុង សម្រាប់ការចោទប្រកាន់ថា បានផ្សព្វផ្សាយ មនោគមវិជ្ជាជ្រុលនិយម ហើយក្រុមមនុស្សទាំងនេះទៀតសោតបានសិក្សារៀនសូត្រពីបច្ចេកទេស ផលិតគ្រាប់បែកតាមរយៈគេហទំព័រមួយគ្រប់គ្រងដោយជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលគេសង្ស័យថា មានទំនាក់ទំនងជាមួយពួក ISIS នៅក្នុងប្រទេសស៊ីរី។
តែយ៉ាងណាក៏ដោយ អត្តសញ្ញាជនសង្ស័យ មិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយទេ ខណៈអាជ្ញាធរឥណ្ឌូនេស៊ី កំពុងព្រួយបារម្ភលើការកើនឡើង នៃសកម្មភាពជ្រុលនិយមនៅក្នុងប្រទេស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថា ឥណ្ឌេនេស៊ីជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាម ច្រើនជាងនៅលើពិភពលោក បានទទួលរងគ្រោះជាបន្តបន្ទាប់ ពីការវាយប្រហារភេរវកម្មមាន ជាប់ពាក់ព័ន្ធនឹងពួក ISIS តែការវាយប្រហារទំាងនេះភាគច្រើននៅមានកំរិត ដោយសារតែពួកភេរវករប្រើប្រាស់អាវុធផលិតនៅក្នុងស្រុក ដែលពុំទាន់អាចបង្កជាគ្រោះថ្នាក់ធំដុំនោះទេ៕