(ម៉ានីល)៖ ប្រទេសចិនបានធានាអះអាងចំពោះប្រទេសហ្វីលីពីនថា ខ្លួននឹងមិនពង្រីកវិសាលភាព តាមរយៈការគ្រប់គ្រង់ដែនកោះ ឬក៏ថ្មប៉ប្រះទឹកថ្មីៗទៀតនោះឡើយ នៅក្នុងសមុទ្រចិនខាងត្បូង ក្រោយពីមានក្រមប្រតិបត្តិថ្មីត្រូវបានទីក្រុងម៉ានីលសម្រេចចេញ ដោយភាគីទាំងពីរហ្វីលីពីន-ចិន ប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងរវាងគ្នាបន្ថែមទៀត។ នេះបើតាមសម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរ៉េនហ្សាណា (Delfin Lorenzana) ដកស្រង់ដោយបណ្តាញព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
លោក ឌែលហ្វីន បានថ្លែងនៅក្នុងកិច្ចអត្ថាធិប្បាយចំពោះមុខអង្គសភាហ្វីលីពីនថា «ប្រទេសចិន និងហ្វីលីពីន បានឈានទៅដល់កិច្ចអនុវត្តន៍ក្រមប្រតិបត្តិការ ឬក៏ការដើរផ្លូវស្របគ្នាមួយ ទៅលើបញ្ហាសមុទ្រចិនខាងត្បូង ដែលក្នុងនោះគឺការមិនអនុញ្ញាត ឲ្យមានការគ្រប់គ្រងកោះបន្ថែមទៀត។ វាបានក្លាយជាជាក្រមប្រតិបត្តិហើយនាពេលនេះ ដែលកំពុងអនុវត្តន៍ទៅលើបញ្ហាសមុទ្រចិនខាងត្បូង ក្រោយពីមានការសម្រេចដោយរដ្ឋមន្ត្រីការបរទេស»។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនខាងលើនេះ ប្រទេសចិននឹងមិនធ្វើការគ្រប់គ្រង ដែនដីបន្ថែមទៀតឡើយ នៅក្នុងសមុទ្រចិនខាងត្បូង ឬមួយក៏សាងសង់សំណង់អ្វីមួយ នៅលើថ្មប៉ប្រះទឹកនោះ។ ទោះបីជាបែបនេះក្តី រដ្ឋមន្ត្រីការពារជាតិរូបនេះ ពុំបានធ្វើការបកស្រាយនោះទេ ចំពោះចម្ងល់របស់សមាជិកសភា ដែលបានសួរនាំរឿងនាវានេសាទចិនចំនួន ០៥គ្រឿង បានបង្ហាញវត្តមាននៅចម្ងាយតែ ០៥គីឡូម៉ែត្រប៉ុណ្ណោះ ពីដែនកោះ នៃប្រជុំកោះស្ព្រាតលីរបស់ហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ជុំវិញបញ្ហាខាងលើនេះ សមាជិកសភាហ្វីលីពីន លោក ហ្គារី អាឡេចាណូ (Gary Alejano) បានប្រាប់សារព័ត៌មាន Reuters ថា នាវានេសាទចិនមួយចំនួន បានធ្វើការរារាំងមិនឲ្យនាវាល្បាតហ្វីលីពីន ធ្វើដំណើរនៅតំបន់កោះរបស់ខ្លួននោះឡើយ ក្នុងរយៈពេលពីរថ្ងៃមកនេះ។ សម្រាប់កោះ ធីទូ (Thitu) ដែលកំពុងកើតមានបញ្ហានេះ គឺត្រូវបានហ្វីលីពីនចាត់ទុកជាកោះដ៏ធំមួយក្នុងចំណោមប្រជុំថ្ម និងវាលខ្សាច់ប៉ប្រះទឹកទាំង ០៩ ដែលហ្វីលីពីនគ្រប់គ្រង នៅក្នុងតំបន់ប្រជុំកោះស្ព្រាតលី នៃតំបន់សមុទ្រចិនខាងត្បូងដ៏ក្តៅគគុក៕