(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រូហានី (Hassan Rouhani) នាថ្ងៃអង្គារនេះបាននិយាយព្រមានថា នឹងដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខាជាមួយ បណ្តាប្រទេសមហាអំណាចពិភពលោក កាលពីឆ្នាំ២០១៥ ប្រសិនបើសហរដ្ឋអាមេរិក នៅតែប្រឹងដាក់ទណ្ឌកម្មថ្មីជាបន្តបន្ទាប់ទៀតនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
លោក Rouhani បានព្រមានថា អ៊ីរ៉ង់បានត្រៀមចិត្តត្រៀមកាយរួចជាស្រេច ដើម្បីចាកចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលប៉ុន្មានឆ្នាំកន្លងទៅនេះ បានជួយដកទណ្ឌកម្មអន្តរជាតិជាច្រើន ចេញពីទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតីអ៊ីរ៉ង់បានបន្ថែមថា អ៊ីរ៉ង់ ពិតជាចង់នៅបន្តគោរពតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥នេះ ដែលរូបលោកបានចាត់ទុកជា គំរូនៃភាពជោគជ័យមួយ សម្រាប់សន្តិភាព និងការទូតទៅលើសង្រ្គាម និងឯកតោភាគីនិយម ក៏ប៉ុន្តែវាពុំមែនជាជម្រើសតែមួយគត់នោះឡើយ។ លោក Rouhani បានបន្តថា «លោក ដូណាល់ ត្រាំ បានស្តែងឲ្យឃើញថា លោកពុំអាចធ្វើជាដៃគូគួរឲ្យចិត្តបាន មិនត្រឹមសម្រាប់អ៊ីរ៉ង់ប៉ុណ្ណោះទេ តែសម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថែមទៀតផង»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក Hassan Rouhani ត្រូវបានធ្វើឡើង ស្របពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ៥+១ គឺសមាជិកអចិន្តៃ្រយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិរួមមាន ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បូកជាមួយនិងអាល្លឺម៉ង់ កំពុងតែមានសម្ពាធកើនឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់បានធ្វើតេស្តមីស៊ីលផ្លោង ហើយទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មបន្ថែមថ្មី ដោយភាគីទាំងសងខាង បានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកបំពានលើកិច្ចព្រមព្រៀងនេះមុន៕