(វ៉ាស៊ីនតោន)៖ អភិបាលរងកោះហ្គាំ (Guam) លោក រ៉េយ តេណូរីយ៉ូ (Ray Tenorio) បាននិយាយនៅថ្ងៃអង្គារនេះថា គ្មានការប្រែប្រួលឡើយលើការវាយតម្លៃពីការគំរាមកំហែង ក៏ប៉ុន្តែរដ្ឋាភិបាលពិតជាសប្បាយចិត្ត នឹងសេចក្ដីរាយការណ៍ដែរថា កូរ៉េខាងជើងនឹងពន្យាពេលបាញ់មីស៊ីល តម្រង់មកកាន់កោះហ្គាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
ជុំវិញសង្រ្គាមពាក្យសម្ដីរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នេះដែរសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើគម្រោងបាញ់មីស៊ីល តម្រង់ទៅកោះហ្គាំយ៉ាងហ្មត់ចត់កាលពីថ្ងៃចន្ទ ក្នុងអំឡុងនៃការចុះធ្វើអធិការកិច្ចនៅទីបញ្ជាការកងកម្លាំងយុទ្ធសាស្រ្តកូរ៉េខាងជើង បន្ទាប់ពីយោធារបស់ខ្លួនបានប្រកាសកាលពីសប្តាហ៍មុនថានឹងបង្ហើយផែនការលម្អិត ក្នុងការបាញ់គ្រាប់មីស៊ីលផ្លោងចំនួន០៤គ្រាប់ព្រមានកោះហ្គាំ នៅត្រឹមពាក់កណ្តាលខែសីហានេះ ហើយបញ្ជូន បន្តទៅឲ្យលោក គីម ជុងអ៊ុន ដើម្បីរង់ចាំការសម្រេចចិត្តចុងក្រោយ។
យ៉ាងណាមិញ បើតាម KCNA លោក គីម ជុងអ៊ុន នឹងសម្រេចចិត្តពន្យាពេលបាញ់មីស៊ីលទំាងនេះ ដោយនៅរង់ចំាមើលសកម្មភាព នៃរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មុននឹងសម្រេចចិត្តជាលើកចុងក្រោយថា បាញ់ ឬមិនបាញ់។ ថ្លែងនៅកាន់អ្នកសារព័ត៌មានជុំវិញដំណឹងថ្មីនេះ លោក Ray Tenorio បានលើកឡើងយ៉ាងដូច្នេះថា «យើងពិតជារីករាយពេលទទួលបានដំណឹងថា គាត់ (លោក គីម ជុងអ៊ុន) បានពិនិត្យផែនការនេះ ហើយនឹងសម្រេចចិត្តពន្យាពេលបាញ់មីស៊ីល តម្រង់មកកាន់កោះហ្គាំ... ដូច្នេះ វាអាចមានន័យថា នឹងមិនមានការវាយប្រហារដោយគ្រាប់មីស៊ីល នៅអនាគតដ៏ខ្លី ឬក៏អនាគតដ៏វែងនោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជែម ម៉ាតទីស ក៏បានព្រមានដែរថា សង្រ្គាមនឹងផ្ទុះឡើង បើសិនជាកូរ៉េខាងជើងវាយប្រហារលើកោះហ្គាំ ខណៈប្រធានាធិបតី កូរ៉េខាងត្បូងអះអាងថា សង្រ្គាមជាមួយទីក្រុងព្យុងយ៉ាង នឹងមិនកើតឡើងឡើយ បើគ្មានការយល់ព្រមពីទីក្រុងសេអ៊ូល។ ដូច្នេះសរុបសេចក្តីមក គំរោងបាញ់មីស៊ីលគំរាមមកក្បែរកោះហ្គាំ ទំនងជានឹងមិនអាចកើតឡើងនោះទេ៕