(ញូដេលី)៖ មេដឹកនាំមហាយក្សលេខ ២ នៅតំបន់អាស៊ី គឺនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាថ្ងៃអង្គារនេះបានសន្យាថា នឹងធ្វើការស្ថាបនា «ប្រទេសឥណ្ឌាដ៏ថ្មីសន្លាងមួយ» នៅត្រឹមឆ្នាំ២០២២ ដែលគ្មានការបែងចែកវណ្ណៈ, សកម្មភាពភេរវកម្ម, និងអំពើពុករលួយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
ក្នុងអំឡុងនៃការថ្លែងសុន្ទរកថា ដើម្បីអបអរថ្ងៃឯករាជ្យជាតិរបស់ឥណ្ឌា នៅឯបន្ទាយ Red Fort ក្នុងរដ្ឋធានីញូដេលី លោក Modi បានលើកឡើងថា «ប្រជាជាតិឥណ្ឌាថ្មី គឺជាប្រទេសមួយដែលនឹងបោះបង់ផ្នត់គំនិតចាស់គំរិលចោល ហើយងាកទៅប្រកាន់យកផ្នត់គំនិតថ្មីៗដែលល្អជាងមុន ហើយវានឹងជួយប្រជាជាតិយើងទាំងមូល»។ លោកនាយករដ្ឋមន្រ្តីឥណ្ឌាបានបន្តថា នៅពេលដល់ឆ្នាំ២០២២ ខាងមុខ ជនទីទាល់ក្រនឹងមានផ្ទះថ្មនៅ, កសិករនឹងទទួលបានកម្រៃទ្វេដង, រីឯយុវវ័យជំនាន់ក្រោយរួមទាំងស្រី្តភេទ នឹងទទួលបានឱកាសជាច្រើន ដោយប្រទេសឥណ្ឌា នឹងលែងមានការបែងចែកវណ្ណៈ, សកម្មភាពភេរវកម្ម, អំពើពុករលួយ, និង បក្សពួកនិយម... គឺជាឥណ្ឌាដ៏ស្អាតស្អំថ្មីមួយ។
គួរបញ្ជាក់ថា ឆ្នាំ២០១៧នេះគឺជាគម្រប់ខួប ៧០ឆ្នាំ នៃការទទួលបានឯករាជ្យរបស់ឥណ្ឌា ពីចក្រភពអង់គ្លេស ដូចគ្នាទៅនឹងប្រទេសប៉ាគីស្ថាន ដែលបានបែកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះដែរ កាលពីឆ្នាំ១៩៤៧៕