(ISS)៖ អវកាសយានិករបស់អង្គការ NASA លោក Jack Fischer បានធ្វើបទបង្ហាញឲ្យយើងទាំងអស់បានឃើញថា តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងផ្លុំខ្យល់ចូលទៅក្នុងដបកែច្នៃមួយ ដែលផ្ទុកទឹកផ្លែឈើយ៉ាងពេញ ក្នុងលក្ខខណ្ឌនៃ Zero Gravity (គ្មានទំនាញ) នៅលើស្ថានីយ៍អវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយបច្ចេកវិទ្យា-វិទ្យាសាស្រ្ត CNET នៅរសៀលថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
លោក Jack Fischer បានលើកឡើងថា ដោយសារតែពុំមានកម្លាំងទំនាញ (Zero Gravity) អ្នកនឹងបង្កភាពរញ៉េរញ៉ៃខ្លាំងជាពុំខាន ប្រសិនបើអ្នកធ្វើឲ្យកំពប់ភេសជ្ជៈនៅលើ ISS នោះ ក៏ប៉ុន្តែស្របពេលជាមួយគ្នាស្ថានីយ៍អន្តរជាតិនេះ ក៏ជាទីកន្លែងដ៏អស្ចារ្យបំផុតសម្រាប់ការសិក្សាស្រាវជ្រាវ ក៏ដូចជាពិសោធន៍ផងដែរ។ ជាទូទៅ នៅពេលដែលវាស្ថិតនៅក្នុង Zero Gravity ឬកន្លែងមានកម្លាំងទំនាញតិចតួច សារធាតុរាវមានប្រតិកម្មខុសប្លែកឆ្ងាយ ជាងពេលដែលវាស្ថិតនៅលើភពផែនដី។
នៅក្នុងឃ្លីបវីដេអូមួយបង្ហោះនៅលើប្រព័ន្ធ Twitter អវកាសយានិក NASA លោក Fischer បានធ្វើបទបង្ហាញអំពីការពិសោធន៍ខាងលើ តាមរយៈការប្រើប្រាស់ដបកែច្នៃមួយ ដែលត្រូវបានបំពេញនូវទឹកផ្លែឈើ។ លោក Fischer បានដាក់បំពង់បឺតចូលទៅក្នុងមាត់ដប រួចហើយផ្លុំខ្យល់ចូលទៅក្នុងនោះ ដើម្បីរុនច្រាញសារធាតុដែលជាទឹកផ្លែឈើ។
គួរបញ្ជាក់ថា ជាធម្មតាទឹកផ្លែឈើក្នុងដបនោះ នឹងហៀរកំពប់ចេញមកក្រៅ ហើយធ្លាក់ចុះទៅក្រោមតាមឥទ្ធិពលរបស់កម្លាំងទំនាញ តែនៅក្នុងលំហអាកាស វាបានប្រែក្លាយរូបរាងទៅដូចជាប៉េងប៉ោង ឬស្ករកៅស៊ូគេផ្លុំបំប៉ោងដ៏ធំមួយទៅវិញ ដែលនៅជាប់នឹងមុខរបស់លោក Fischer ហើយគ្របដណ្តប់ជុំវិញមាត់ ច្រមុះ និងភ្នែករបស់លោក មុនពេលដែលអវកាសយានិករូបនេះ យកកន្សែងមកបំបែកពពុះនេះចេញវិញ។ ឃ្លីបវីដេអូរបស់ លោក Jack Fischer បានផ្តល់មេរៀនដ៏គួរឲ្យចាប់អារម្មណ៍មួយស្តីពីការអនុវត្តន៍ថា តើសារធាតុរាវទាំងអស់នឹងប្រតិកម្មបែបណា ដោយពុំមានកម្លាំងទំនាញនៅមើលការខុសត្រូវទៅលើពួកវា៕