
កូរ៉េខាងត្បូងបញ្ជាក់ជំហរច្បាស់ៗ៖ «បើទីក្រុងសេអ៊ូលមិនអនុញ្ញាត គ្មានថ្ងៃដែលសង្គ្រាមនៅឧបទ្វីបកូរ៉េ ផ្ទុះឡើងជាដាច់ខាត!»
15-08-2017 14:10
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ជាថ្មីម្ដងទៀតបានអះអាងថា សង្រ្គាមជាមួយកូរ៉េខាងជើង ឬសង្រ្គាមនៅលើឧបទ្វីបកូរ៉េ នឹងមិនអាចកើតឡើងឡើយ បើគ្មានការយល់ព្រមជាមុនពីទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងពិធីរំលឹកខួបទី ៧២ឆ្នាំ នៃការរំដោះប្រទេសជាតិចេញពីនឹមអាណានិគមជប៉ុន នៅថ្ងៃអង្គារនេះ លោក មូន ជែអ៊ីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់កម្លាំងយោធាអាចធ្វើទៅបាន លុះត្រាណាតែមានការសម្រេចចិត្តពីកូរ៉េខាងត្បូង ហើយក៏គ្មាននរណាម្នាក់អាចសម្រេចចិត្តប្រើកម្លាំងយោធា ដោយគ្មានការយល់ព្រមពីទីក្រុងសេអ៊ូលនោះដែរ... ប៉ុន្តែព្រមពេលជាមួយគ្នា យើងនឹងនៅតែបើកចំហទ្វារចរចាជានិច្ច សម្រាប់កិច្ចសន្ទនាយោធាជានិច្ច ដើម្បីធ្វើឱ្យប្រាកដថា ភាពតានតឹងយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នឹងមិនកាន់តែអាក្រក់ជាងពេលបច្ចុប្បន្ន»។
ដោយឡែកនៅថ្ងៃអង្គារនេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យ និងពិភាក្សាលើគម្រោងបាញ់មីស៊ីលតម្រង់ទៅកោះហ្គាំរបស់សហរដ្ឋអាមេរិកយ៉ាងហ្មត់ចត់ ក្នុងអំឡុងនៃការចុះធ្វើអធិការកិច្ចនៅទីបញ្ជាការកងកម្លាំងយុទ្ធសាស្រ្តកូរ៉េខាងជើង បន្ទាប់ពីយោធានៃរដ្ឋកុម្មុយនិស្តមួយនេះ បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបង្ហើយផែនការលម្អិតក្នុងការបាញ់គ្រាប់មីស៊ីលផ្លោងចំនួន ០៤គ្រាប់ ព្រមានកោះហ្គាំនៅត្រឹមពាក់កណ្តាលខែសីហានេះ ហើយបញ្ជូនបន្តទៅឲ្យ លោក គីម ជុងអ៊ុន ដើម្បីរង់ចាំការសម្រេចចិត្តជាចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមលោក មូន ជែអ៊ីន រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រើប្រាស់គ្រប់លទ្ធភាពទំាងអស់ ទប់ស្កាត់មិនឱ្យសង្រ្គាមផ្ទុះឡើង ព្រមទាំងដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងដោយសន្តិវិធី មិនថានៅក្រោមកាលៈទេសៈបែបណានោះទេ៕