(ព្យុងយ៉ាង)៖ បន្ទាប់ពីត្រូវបានមន្ត្រីក្រោមឱវាទ រាយការណ៍ជូនពីផែនការបាញ់មីស៊ីលផ្លោង ដើម្បីព្រមានកោះហ្គាំ (Guam) ដែលជាតំបន់រដ្ឋបាលពិសេសរបស់សហរដ្ឋអាមេរិក នៅតំបន់ប៉ាស៊ីហ្វិក លោក គីម ជុងអ៊ុន បានឲ្យដឹងថា រូបលោកកំពុងតែរង់ចាំមើលសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនសិន មុននឹងសម្រេចចិត្តជាចុងក្រោយ ចំពោះគម្រោងបាញ់នេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកំពូលទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើគម្រោងនេះយ៉ាងហ្មត់ចត ជាមួយមន្រ្តីយោធាជាន់ខ្ពស់របស់លោក ក្នុងអំឡុងនៃការចុះធ្វើអធិការកិច្ច នៅឯទីបញ្ជាកាកងកម្លាំងយុទ្ធសាស្រ្តកូរ៉េខាងជើង បន្ទាប់ពីយោធានៃរដ្ឋកុម្មុយនិស្តមួយនេះ បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបង្ហើយផែនការលម្អិតក្នុងការបាញ់គ្រាប់មីស៊ីលផ្លោងចំនួន ០៤គ្រាប់ ព្រមានកោះហ្គាំ នៅត្រឹមពាក់កណ្តាលខែសីហានេះ ហើយបញ្ជូនបន្តទៅឲ្យលោក គីម ជុងអ៊ុន ដើម្បីរង់ចាំការសម្រេចចិត្តចុងក្រោយ។ យ៉ាងណាមិញ លោក គីម ជុងអ៊ុន ទំនងដូចជាបានឲ្យតំរុយថា នឹងពន្យាពេលនៃការអនុវត្តន៍គម្រោងនេះ ដោយនិយាយថា រូបលោកនឹងនៅរង់ចាំមើលទង្វើបន្ទាប់ទៀត របស់ទីក្រុងវ៉ាស៊ីនតោនបន្តិចសិន មុនធ្វើការសម្រេចចិត្តចុងក្រោយ។
ដោយឡែក ជាការឆ្លើយតបចំពោះពាក្យសម្តីគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាង រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis បានព្រមានវិញថា ការវាយប្រហារក្នុងទម្រង់ណាក៏ដោយ សំដៅមកលើកោះហ្គាំ ដែលជាទឹកដីសហរដ្ឋអាមេរិក នឹងឈានទៅរកការផ្ទុះសង្រ្គាមភ្លាមៗតែម្តង៕