(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផេន (Mike Pence) ក្នុងឱកាសនៃការធ្វើដំណើរទស្សនកិច្ច នៅឯប្រទេសតំបន់អាមេរិកឡាទីនបានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងពិចារណាលើការប្រើអំណាចសេដ្ឋកិច្ច និងការទូតដែលខ្លួនមាន ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា ខណៈជម្រើសនៃការប្រើប្រាស់កម្លាំងយោធា នៅតែមិនទាន់ត្រូវបានបោះបង់ចោលដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
ស្របពេលដែលកំពុងស្ថិតក្នុងទីក្រុង Cartagena ប្រទេសកូឡុំប៊ី លោក Pence បាននិយាយថា ប្រទេសវេណេស៊ុយអេឡាដែលបរាជ័យ នឹងបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោននឹងប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច និងការទូតដែលខ្លួនមានទាំងប៉ុន្មាន ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ ទន្ទឹមនឹងនេះ លោកអនុប្រធានាធិបតីអាមេរិក នៅតែគាំទ្រជំហរព្រមានធ្ងន់ៗរបស់ លោក ដូណាល់ ត្រាំ ដែលថាការប្រើសកម្មភាពយោធា មិនត្រូវបានបោះបង់ចោលនោះឡើយ។ ក្នុងអំឡុងពេលនៅឯប្រទេសកូឡុំប៊ី លោក Mike Pence ក៏បានពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងវេណេស៊ុយអេឡាផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់បួនប្រទេសរបស់ លោក Pence រួមមាន កូឡុំប៊ី, អាហ្សង់ទីន, ឈីលី, និងប៉ាណាម៉ា ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក បានព្យាយាមបង្រួបបង្រួមប្រទេសក្នុងតំបន់នេះ ដើម្បីប្រឆាំងនឹងចេតនារបស់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងការប្រមូលផ្តុំអំណាចរបស់លោក។ ក៏ប៉ុន្តែដោយសារតែជម្រើសនៃការប្រើកម្លាំងទ័ព មិនត្រូវបានដកចេញពីការពិចារណា មេដឹកនាំប្រទេសអាមេរិកឡាទីនជាច្រើន មិនបានសម្តែងការគាំទ្រនោះឡើយ៕