(អ៊ីស្លាម៉ាបាដ)៖ នាពេលថ្មីៗនេះប៉ាគីស្ថានបានប្រារព្ធពិធីអបអរសាទរ ខួបគម្រប់៧០ឆ្នាំ នៃការទទួលបានឯករាជ្យ ក៏ដូចជាការចាប់កំណើតរបស់ ប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
ប៉ាគីស្ថានគឺជាប្រទេសដ៏ពិសេសប្លែកគេ នៅក្នុងចំណោមបណ្តាប្រទេសមូស្លីមដទៃៗទៀត ដោយប្រជាជនជាតិនេះ គឺជាប្រទេសតែមួយគត់ ដែលត្រូវបានបង្កើតឡើងសម្រាប់សាសនាអ៊ីស្លាមតែម្តង។ ជាលទ្ធផលនៃចលនា Pakistan Movement ដឹកនាំដោយ លោក មូហាំម៉ាដ អាលី ជីនណាហ៍ (Muhammad Ali Jinnah) ដែលក្រោយមកជាបិតាស្ថាបនិករបស់ប្រទេសនេះ ប៉ាគីស្ថានក៏បានបែកចេញពីប្រទេសឥណ្ឌា ហើយចាប់កំណើតឡើងកាលពីឆ្នាំ១៩៤៧ ក្នុងនាមជាប្រជាជាតិឯករាជ្យដាច់ដោយឡែកមួយ សម្រាប់ជនជាតិឥណ្ឌា ដែលកាន់សាសនាអ៊ីស្លាម។
គួរបញ្ជាក់ថា បច្ចុប្បន្នប៉ាគីស្ថាន មានកងទ័ពដែលធំជាងគេលេខរៀងទី០៦ នៅលើពិភពលោក និងជាមហាអំណាចនុយក្លេអ៊ែរមួយផងដែរ ជាមួយប្រជាជនសរុបចំនួនជិត ១៩៧លាននាក់ រួមទាំងផ្ទៃដី ៨៨១,៩១៣គីឡូម៉ែត្រក្រឡា។ ទោះបីមានកំណើតដើមពីឥណ្ឌាក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកជិតខាង និងអតីតបងប្អូនទាំងពីរនេះ នៅតែបន្តមានជម្លោះរវាងគ្នាជានិច្ច ហើយជម្លោះនៅតាមព្រំដែនដែលមិនទាន់មានការបែងចែកដាច់ស្រាច់ ដូចតំបន់កាស្មៀ នៅតែបញ្ហាចម្បងនៃទំនាក់ទំនងទ្វេភាគី ឥណ្ឌា-ប៉ាគីស្ថាន ដដែល៕