(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានដាក់បញ្ជាឱ្យកងទ័ពជាតិ ធ្វើសមយុទ្ធយោធានៅទូទាំងប្រទេស ដោយចាប់នឹងផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែសីហានេះ បន្ទាប់ពីមានការព្រមានពីសំណាក់សមភាគីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានរំលឹកពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធា ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន ក្នុងរដ្ឋធានីការ៉ាកាស់ លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនវេណេស៊ុយអេឡាទំាងអស់ គួរតែត្រៀមខ្លូនដើម្បីការពារប្រទេសជាតិ ប្រឆាំងនឹងពួកចក្រពត្តិ... ដូច្នេះហើយខ្ញុំបានដាក់បញ្ជាដល់សេនាធិការយោធាទំាងអស់ ឱ្យរៀបចំធ្វើសមយុទ្ធយោធាថ្នាក់ជាតិ ស៊ីវិល និងយោធា មកពីគ្រប់វិស័យការពារជាតិ និងកងទ័ពជាតិទាំងអស់»។
គួររំលឹកថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនមានជម្រើសជាច្រើនក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយវិបត្តិ នៅក្នុងប្រទេសវេណេស៊ុយអេឡា។ ក៏ប៉ុន្តែទន្ទឹមគ្នា បណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា អាហ្សង់ទីន ប៉េរូ មិចស៊ីកូ និងកូឡុំប៊ី បានចេញមុខទាត់ចោល និងថ្កោលទោសយ៉ាងខ្លាំង ចំពោះជម្រើសយោធារបស់លោក ដូណាល់ ត្រាំ ដោយអះអាងទៀតថា កិច្ចសន្ទនា និងការទូត គឺជាមធ្យោបាយតែមួយគត់ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និងដោះស្រាយវិបត្តិនៅក្នុង ប្រទេសវេណស៊ុយអេឡា។
ម្យ៉ាងវិញទៀត អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) ក្នុងឱកាសនៃការធ្វើដំណើរទស្សនកិច្ចក្នុងតំបន់អាមេរិកឡាទីន ក៏បានបញ្ជាក់ឡើងវិញដែរថា សហរដ្ឋអាមេរិកនឹងពិចារណាលើការប្រើអំណាចសេដ្ឋកិច្ច និងការទូតដែលខ្លួនមានក្នុងការដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡា ខណៈជម្រើសនៃការប្រើប្រាស់កម្លាំងយោធា នៅតែមិនទាន់ត្រូវបានបោះបង់ចោលដដែល៕