(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជែម ម៉ាតទីស (James Mattis) បានព្រមានត្រង់ៗតែម្ដងថា សហរដ្ឋអាមេរិកនឹងធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង បើសិនជាទីក្រុងព្យុងយ៉ាង ហ៊ានផ្សងព្រេងបាញ់មីស៊ីលលើកោះហ្គំា (Guam)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ជែម ម៉ាតទីស ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើល ទៅកាន់មន្ទីរបញ្ចកោណ និងនៅចំពេលកូរ៉េខាងជើងគំរាមវាយប្រហារលើកោះហ្គាំ ជាទីដែលកងទ័ពអាមេរិក ៧,០០០នាក់ រួមទាំងយន្ដហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងកំពុងឈរជើង។ លោករដ្ឋមន្ត្រីការពារជាតិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងដឹងគ្រប់ពេលវេលា បើសិន គ្រាប់មីស៊ីលឆ្ពោះតម្រង់មកកាន់កោះហ្គាំ... ហើយខ្ញុំគិតថា បើជាពួកគេ (កូរ៉េខាងជើង) វាយប្រហារមកលើសហរដ្ឋអាមេរិក នោះសង្រ្គាមនឹងផ្ទុះឡើងភ្លាម... ពិតមែនហើយបើពួកគេវាយប្រហារ លើពួកយើង គឺមានន័យស្មើនឹងការប្រកាសសង្រ្គាម»។
តែទោះជាយ៉ាងណា លោក ម៉ាតទីស ក៏បានគូសបញ្ជាក់ដែរថា បើទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលធ្លាក់នៅក្បែរដែនទឹកកោះហ្គាំ នោះការសម្រេចចិត្តនឹងត្រូវប្រគល់ឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជាពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តអាមេរិក។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើគម្រោងបាញ់មីស៊ីលតម្រង់ទៅកោះហ្គាំយ៉ាងហ្មត់ចត់ ក្នុងអំឡុងនៃការចុះធ្វើអធិការកិច្ច នៅទីបញ្ជាការកងកម្លាំងយុទ្ធសាស្រ្តកូរ៉េខាងជើង បន្ទាប់ពីយោធានៃរដ្ឋកុម្មុយនិស្តមួយនេះ បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបង្ហើយផែនការលម្អិតក្នុងការបាញ់គ្រាប់មីស៊ីលផ្លោងចំនួន ០៤គ្រាប់ ព្រមានកោះហ្គាំនៅត្រឹមពាក់កណ្តាលខែសីហានេះ ហើយបញ្ជូនបន្តទៅឲ្យ លោក គីម ជុងអ៊ុន ដើម្បីរង់ចាំការសម្រេចចិត្តចុងក្រោយ៕