(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍អំពីផែនការផ្លោងមីស៊ីលទៅក្បែរកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិកហើយ ដែលវាគឺជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់មួយ និងជាជម្រកនៃមូលដ្ឋានទ័ពជើងទឹក និងអាកាសរបស់អាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារព័ត៌មាន KCNA ប្រមុខដឹកនាំកូរ៉េខាងជើងបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើគម្រោងនេះយ៉ាងហ្មត់ចត់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្នុងអំឡុងនៃការចុះធ្វើអធិការកិច្ចនៅទីបញ្ជាការកងកម្លាំងយុទ្ធសាស្រ្តកូរ៉េខាងជើង បន្ទាប់ពីយោធានៃរដ្ឋកុម្មុយនិស្តមួយនេះ បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបង្ហើយផែនការលម្អិតក្នុងការបាញ់គ្រាប់មីស៊ីលផ្លោងចំនួន ០៤គ្រាប់ ព្រមានកោះហ្គាំ នៅត្រឹមពាក់កណ្តាលខែសីហានេះ ហើយបញ្ជូនបន្តទៅឲ្យលោក គីម ជុងអ៊ុន ដើម្បីរង់ចាំការសម្រេចចិត្តចុងក្រោយ។ យ៉ាងណាមិញ លោក គីម ជុងអ៊ុន ទំនងជានឹងពន្យាពេលនៃការអនុវត្តន៍គម្រោងនេះ ដោយនិយាយថា រូបលោកនឹងនៅរង់ចាំមើលអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន បន្តិចទៀតសិន។
គួរបញ្ជាក់ថា ផែនការបាញ់មីស៊ីលសំដៅទៅរកកោះហ្គាំនេះ បានលេចឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មថ្មីបន្ថែមពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិដោយសារតែការធ្វើតេស្តមីស៊ីល ICBM ចំនួនពីរលើករបស់ទីក្រុងព្យុងយ៉ាង កាលពីខែកក្កដាកន្លងទៅរួមទាំងការព្រមានរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះកូរ៉េខាងជើងថា នឹងភ្លក្សរសជាតិភ្លើងកំហឹងយ៉ាងក្តៅគគុក ប្រសិនបើនៅតែបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកទៀត៕