(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះ បានព្រមានថាគ្មាននរណាម្នាក់នឹងឈ្នះនៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកនោះទេ ខណៈប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងដាក់បញ្ជាឱ្យទីប្រឹក្សាពាណិជ្ជកម្មជាន់ខ្ពស់អាមេរិក បើកការស៊ើបអង្កេតលើការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវរបស់ចិន ជាពិសេសពាក់ព័ន្ធនឹងការ លួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នំា២០១៧។
ការស៊ើបការអង្កេតជុំវិញការរំលោភលើកម្មសិទ្ធិបញ្ញានេះ អាចនឹងត្រូវចំណាយពេលរហូតដល់ទៅមួយឆ្នាំ ហើយការដាក់ទណ្ឌកម្ម ឬក៏វិធានការសងសឹក ត្រូវធ្វើឡើងនៅក្នុងក្របខណ្ឌនៃ អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ តែយ៉ាងណាក៏ដោយ នៅពេលត្រូវបានសាកសួរពីបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈួយយ៉ីង (Hua Chunying) បានថ្លែងដូច្នេះថា៖ «រាល់សមាជិក WTOទំាងអស់ត្រូវតែគោរពរាល់បទបញ្ញត្តិនៃអង្គការមួយនេះ...គ្មានឡើយសង្រ្គាមពាណិជ្ជកម្ម ហើយបើសិនជាវាកើតឡើងមែន ក៏គ្មាននរណាម្នាក់ឈ្នះ ដែរ គឺមានតែអ្នកចាញ់ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បើតាមមន្ត្រីសេតវិមាន លោក ដូណាល់ ត្រាំ នឹងដាក់បញ្ជាឱ្យទីប្រឹក្សាពាណិជ្ជកម្មជាន់ខ្ពស់អាមេរិក បើកការស៊ើបអង្កេតលើការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវរបស់ចិន ជាពិសេស ពាក់ព័ន្ធនឹងការលួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនអាមេរិក នៅថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ក៏ប៉ុន្តែព័ត៌មាននេះកើតមានឡើងនៅក្នុងបរិបទដែលលោក ដូណាល់ ត្រាំ កំពុង ជំរុញឱ្យទីក្រុងប៉េកាំង ដាក់សម្ពាធឬទណ្ឌកម្មឱ្យកាន់តែច្រើនលើកូរ៉េខាងជើង សម្រាប់ការអភិវឌ្ឍន៍មីស៊ីលឆ្លងទ្វីប និងកម្មវិធីអាវុធនុយក្លេអ៊ែរ៕