(សៀរ៉ាឡេអូន)៖ អាជ្ញាធរសៀរ៉ាឡេអូននៅថ្ងៃចន្ទនេះ បានឱ្យដឹងថាមនុស្សច្រើនជាង២០០នាក់បានស្លាប់ ដោយសារគ្រោះរអិលបាក់ដីនិងទឹកជំនន់ដ៏ប្រល័យមួយ បានវាយប្រហារមកលើតំបន់ ភ្នំRegent ស្ថិតនៅក្បែររដ្ឋធានីហ្វី្រថោន (Freetown) នៃប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរនៅក្នុងតំបន់ ភ្នំRegent បានបាក់ស្រុតនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដោយបណ្ដាលឱ្យផ្ទះជាច្រើនខ្នងត្រូវកប់នៅក្រោមគំនរ ភក់ ខណៈហេតុការណ៍នេះត្រូវបានគេរាយការណ៍ថាកើតឡើងនៅចំពេលមនុស្សម្នាកំពុងដេកលក់នៅឡើយ។ ដោយឡែក ក្រុមអ្នកជួយសង្រ្គោះ រួមទាំងយោធាជាច្រើននាក់បាននិងកំពុង បន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ ហើយគេជឿជាក់ថាចំនួនអ្នកសា្លប់អាចនឹងកើនឡើងច្រើនជាងនេះ។
គួររំលឹកថា កាលពីឆ្នាំ២០១៥ រដ្ឋធានីហ្វី្រថោន នៃប្រទេសសៀរ៉ាឡេអូន ក៏ធ្លាប់រងគ្រោះដោយសារទឹកជំនន់ក្នុងរដូវមូសុងផងដែរ ដោយនៅកាលណោះមានមនុស្ស១០នាក់ បានស្លាប់និង បន្សល់ទុកមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងស្នាក់នៅ៕