(ប៉េកាំង)៖ ទណ្ឌកម្មបន្ថែមទៀតពីប្រទេសចិនត្រូវបានប្រកាសចេញហើយ ដោយក្នុងនោះមហាយក្សលេខ១ នៅទ្វីបអាស៊ីមួយនេះ បានសម្រេចបម្រាមថ្មីរបស់ខ្លួន ដោយហាមការនាំចូលទំនិញដូចជា រ៉ែដែក និងគ្រឿងសមុទ្រពីកូរ៉េខាងជើង បន្ថែមពីលើបម្រាមនាំចូលរ៉ែធ្យូងថ្ម ដែលបានដាក់ប៉ុន្មានខែមកហើយនោះ ដែលនេះជាការអនុវត្តន៍ទៅតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងការរឹងទទឹងធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបពីរលើករបស់ទីក្រុងព្យុងយ៉ាង កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
បើតាមច្បាប់របស់អង្គការសហប្រជាជាតិ រាល់ដំណោះស្រាយទាំងអស់ដែលត្រូវបានអនុម័តជាផ្លូវការ នោះបណ្តាប្រទេសពាក់ព័ន្ធមានរយៈពេល ៣០ថ្ងៃ ក្នុងការអនុវត្តន៍តាមជាដាច់ខាត ហើយបើគិតចាប់ពីថ្ងៃទី០៦ ខែសីហាមក គឺវាមានរយៈពេលមួយសប្តាហ៍ទៅហើយ ដែលចិនទើបបានប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដូចខាងលើនេះ ដោយមិនបង្អង់យូរទៀតនោះឡើយ។ ការដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងនេះ គឺស្របទៅតាមការចង់បានរបស់អាមេរិក ដែលមានគោលដៅកៀបសង្កត់របបដឹកនាំកូរ៉េខាងជើង តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ឡើងៗ ដែលនឹងធ្វើឲ្យកូរ៉េខាងជើងខាតបង់យ៉ាងហោចណាស់ ០៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា ការប្រកាសអនុវត្តន៍ទណ្ឌកម្មលើកូរ៉េខាងជើង ពីសំណាក់រដ្ឋាភិបាលចិននេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានកោះហៅអគ្គរដ្ឋទូតសំខាន់ៗមួយចំនួន ត្រឡប់មកកាន់ទីក្រុងព្យុងយ៉ាងវិញរួមមានដូចជា លោក ជី ចែយ៉ុង (Ji Jae-ryong) អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសចិន, អគ្គរដ្ឋទូតប្រចាំយូអិន លោក ចា សុងណាំ (Ja Song-nam) និង អគ្គរដ្ឋទូតប្រចាំប្រទេសរុស្ស៊ី លោក គីម យ៉ុងជន (Kim Hyong-jun) ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមួយ៕