(សេអ៊ូល)៖ ប្រធានធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន (Moon Jae-in) នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះបានប្រកាសថា នឹងគ្មានសង្គ្រាមទៀតជាដាច់ខាត នៅតំបន់ឧបទ្វីបកូរ៉េ ហើយលោកក៏បានអំពាវនាវផងដែរថា ឲ្យកូរ៉េខាងជើងបន្ថយភាពគគ្លើនដោយពាក្យសម្តីរបសខ្លួន ខណៈដែលទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន កំពុងតែផ្លោងសម្តីព្រមានដាក់គ្នាទៅវិញទៅមក ដែលអាចនឹងកើតមានជម្លោះយោធាកើតឡើងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងជំនួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួន នៅឯវិមានប្រធានាធិបតី ជឹង វ៉ាដេ (Cheong Wa Dae) លោក មូន ជែអ៊ីន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់រាល់ សកម្មភាពបង្ករឿង និងការគំរាមកំហែងទាំងឡាយ ក៏ដូចជាបញ្ឈប់ការធ្វើឱ្យស្ថានភាពកាន់តែអាក្រក់... ផលប្រយោជន៍នៃសាធារណរដ្ឋកូរ៉េ គឺជាអាទិភាពរបស់ខ្ញុំត្រូវធ្វើមុនគេ ប៉ុន្តែខ្ញុំនៅតែមានជំនឿចិត្តថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពស្ងៀមស្ងាត់ ប្រកបដោយទំនួលខុសត្រូវ ឈរលើគោលជំហរដូចពួកយើង ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមកូរ៉េផ្ទុះឡើងសាជាថ្មី។ ម្យ៉ាងវិញទៀត សន្តិភាពនៅលើឧបទ្វីបកូរ៉េមិនអាចរកបាន តាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេ ហើយបើទោះជាសន្តិភាព និងកិច្ចចរចាតម្រូវឱ្យយើងជួបការឈឺចាប់ និងការអត់ធ្មត់ ក៏យើងត្រូវតែធ្វើ ដូច្នោះដែរ»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក មូន ជែអ៊ីន ធ្វើឡើងនៅចំពេលដែលកូរ៉េខាងជើង បានព្រមានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅលើកោះហ្គាំ (Guam) ក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ គំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ម្ដងហើយម្ដងទៀត៕