(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកគួរតែអាចនឹងទិញ យន្ដហោះប៊ូអ៊ីង (Boeing) ចំណាស់ធុន ៧៤៧ ចំនួនពីរគ្រឿងពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីមួយ ដែលបានក្ស័យធន ដើម្បីយកមកជំនួសយន្ដហោះ ដឹកប្រធានាធិបតីអាមេរិក Air Force One បច្ចុប្បន្ន។ នេះគឺជាផ្នែកមួយនៃធ្វើតាមការសន្យារបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការសន្សំសំចៃកញ្ចប់ថវិកាជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមគេហទំព័រ Defense One យន្ដហោះប៊ូអ៊ីង ៧៤៧ទំាងពីរគ្រឿងនេះ នឹងត្រូវយកទៅតម្លើងឡើងវិញ និងអភិវឌ្ឍន៍ដើម្បីយកមកប្រើជាយន្ដហោះ Air Force One។ យន្ដហោះទំាងពីរគ្រឿងខាងលើប្រើប្រាស់បច្ចេកវិទ្យា តាំងតែពីសម័យសង្រ្គាមត្រជាក់មកម្ល៉េះ ហើយវាត្រូវបានបញ្ជាទិញដំបូងពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Transaero Airlines មុននឹង ក្ស័យធនកាលពីឆ្នាំ២០១៥ ក្រោយប្រតិបត្តិការពាណិជ្ជកម្ម អស់រយៈពេលជាង ២៤ឆ្នាំ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Defense One បន្ទាប់ពីកិច្ចព្រមព្រៀងទិញបានបញ្ចប់ យន្ដហោះទាំងពីរគ្រឿងនេះអាចនឹងត្រូវញ្ចូនបន្តទៅរោងចក្ររបស់ក្រុមហ៊ុនប៊ូអ៊ីង ដើម្បីជួសជុល ឡើងវិញក្នុងរួមមានទាំងប្រព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាការពារដោយសម្ងាត់ ព្រមទំាងប្រព័ន្ធទប់ទល់នឹងអេឡិចត្រូម៉ាញេទិចជាដើម៕