(មូស្គ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់យ៉ាងច្បាស់ថា វិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា អាចនឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសហប្រតិបត្តិការ រវាងទីក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសអាមេរិកឡាទីន។ នេះបើតាមសម្តីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
ការថែ្លងបែបនេះរបស់ លោក ម៉ៃ ភែន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យជាមួយប្រធានាធិបតីកូឡុំប៊ី លោក ចូអាន ម៉ានូអ៊ែល សាន់តូស ( Juan Manuel Santos) នាឱកាសបំពេញដំណើរទស្សនកិច្ច មកកាន់តំបន់អាមេរិកកណ្ដាល និងអាមេរិកឡាទីន។ ថ្លែងនាឱកាសនោះដែរ លោក ភែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាលោកប្រធានាធិបតី ត្រាំ បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា យើងមានជម្រើសជាច្រើន (រួមទាំងយោធា) សម្រាប់ដោះស្រាយរឿងវេណេស៊ុយអេឡាក៏ដោយ តែលោកនៅតែមានជំនឿចិត្តដដែលថា អាចនឹងធ្វើការងារជាមួយសម្ព័ន្ធមិត្តអាមេរិកឡាទីនរបស់យើង ដើម្បីដោះស្រាយវិបត្តិ ដែលប្រជាជនវេណេស៊ុយអេឡាកំពុងប្រឈម ដោយសន្តិវិធី... ហើយទីក្រុងវ៉ាស៊ីនតោននឹងបន្តចាត់វិធានការយ៉ាងពេញលេញ ទំាងសេដ្ឋកិច្ច និងការទូតរហូតដល់ប្រជាធិបតេយ្យត្រូវស្ដារឡើងវិញ ក្នុងប្រទេសវេណេស៊ុយអេឡា»។
គួររំលឹកថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានលើកឡើងត្រង់ៗតែម្ដងថា សហរដ្ឋអាមេរិកពុំអាចធានាបានទាំងស្រុងឡើយថា នឹងមិនជ្រើសរើស ប្រើសកម្មភាពយោធាប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ដោយសារតែការកើនឡើង នៃចំនួនមនុស្សស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងអំឡុងការធ្វើបាតុកម្មដ៏កក្រើក អស់រយៈពេលជាង ០៤ខែមកនេះ។
ប៉ុន្តែភ្លាមៗ បណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីនមានដូចជា អាហ្សង់ទីន ប៉េរូ មិចស៊ីកូ និងកូឡុំប៊ី បានទាត់ចោល និងថ្កោលទោសយ៉ាងខ្លាំងចំពោះជម្រើសយោធារបស់ លោក ដូណាល់ ត្រាំ ដោយបញ្ជាក់ទៀតថា កិច្ចសន្ទនានិងការទូតគឺជាមធ្យោបាយតែមួយគត់ក្នុងការលើកកម្ពស់ ប្រជាធិបតេយ្យ និងដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណស៊ុយអេឡា៕