(សេអ៊ូល)៖ អគ្គរដ្ឋទូតកូរ៉េខាងជើងសំខាន់ៗ នៅឯបរទេសត្រូវបានកោះហៅឱ្យត្រឡប់មកកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមកិច្ចប្រជុំពិសេសមួយ ខណៈយោធាកូរ៉េខាងជើងកំពុងបញ្ចប់ផែនការបាញ់គ្រាប់មីស៊ីលទៅកាន់តំបន់ក្បែរមូលដ្ឋានទ័ពអាមេរិក នៅលើកោះហ្គាំ (Guam) ដែលបញ្ជូនបន្តទៅឱ្យ លោក គីម ជុងអ៊ុន ពិនិត្យនិងសម្រេចចិត្តចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ផ្អែកលើមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងយ៉ាងដូច្នេះថា «កូរ៉េខាងជើង ហាក់ដូចជាកំពុងរៀបចំកិច្ចប្រជុំ នៃប្រធានបេសកកម្មទូតរបស់ខ្លួននៅឯបរទេស បន្ទាប់ពីបានកោះហៅអគ្គរដ្ឋទូតសំខាន់ៗមួយចំនួន ត្រឡប់មកកាន់ទីក្រុងព្យុងយ៉ាង»។ អគ្គរដ្ឋទូតដែលត្រូវបានកោះហៅរួមមាន លោក ជី ចែយ៉ុង (Ji Jae-ryong) អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសចិន, អគ្គរដ្ឋទូតប្រចាំយូអិន លោក ចា សុងណាំ (Ja Song-nam) និង អគ្គរដ្ឋទូតប្រចាំប្រទេសរុស្ស៊ី លោក គីម យ៉ុងជន (Kim Hyong-jun)។ ក៏ប៉ុន្តែ ចំនួនអគ្គរដ្ឋទូតត្រូវចូលរួមកិច្ចប្រជុំនេះ មិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់ឡើយ។
គួរបញ្ជាក់ថា ការកោះហៅអគ្គរដ្ឋទូតនេះ ធ្វើឡើងនៅចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េកំពុងតានតឹងកាន់តែខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនគំរាមប្រើប្រាស់ កម្លាំងយោធាដាក់គ្នាទៅវិញទៅមក។ តែយ៉ាងណា ក្រុមអ្នកជំនាញខ្លះយល់ថា ការគំរាមនេះគ្រាន់តែជាសង្រ្គាមពាក្យសម្ដីអត់បានការប៉ុណ្ណោះ ព្រោះប្រទេសទាំងពីរដឹងយ៉ាងច្បាស់ថា សង្រ្គាមនឹងធ្វើឱ្យពួកគេខាតបង់ធ្ងន់ធ្ងរឥតគណនា ពោលគឺសម្រាប់សហរដ្ឋអាមេរិក សង្រ្គាមជាមួយរបបដឹកនាំ លោក គីម ជុងអ៊ុន មិនចំណេញច្រើនដូចនៅអ៊ីរ៉ាក់ ឬនៅតំបន់មជ្ឈិមបូព៌ាឡើយ៕