(បាងកក)៖ ទីបំផុតកងទ័ពជើងទឹកថៃបានប្រកាសពីការព្រមព្រៀង ទិញគ្រាប់មីស៊ីលប្រដេញ ឬមីស៊ីលកម្ទេចនាវាចម្បាំងពីសហរដ្ឋអាមេរិកជាច្រើនគ្រាប់ ប៉ុន្តែបានថាកិច្ចព្រមព្រៀងនេះមិនត្រូវបានចូលរួចដោយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ឬក៏រដ្ឋមន្ត្រីការពារជាតិនោះឡើយ ក្រោយពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបញ្ចប់ទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តមួយនេះ កាលពីសប្តាហ៍មុន ដើម្បីស្អំទំនាក់ទំនងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
កងទ័ពជើងទឹកថៃបានអះអាងថា «កិច្ចព្រមព្រៀងខាងលើនេះ មិនមែនជារឿងថ្មីនោះឡើយ ដោយវាជាការពង្រឹងសម្ព័ន្ធភាពដែលយើងបានធ្វើជាមួយកូរ៉េខាងត្បូង តាំងពីតែពីបីឆ្នាំមុនមកម្ល៉េះ»។ សម្រាប់ការចេញមុខបកស្រាយរបស់កងទ័ពជើងទឹកថៃនាពេលនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវិត វង់ស៊ូវ៉ាន់ បានធ្វើការបកស្រាយមួយទៅកាន់អ្នកសារព័ត៌មានដោយបង្ហាញថា លោកទាំងពីរហាក់មិនបានដឹងច្បាស់ពីរឿងនេះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មាននានាថា លោកមិនបានដឹងច្បាស់នៅឡើយទេថា តើរដ្ឋាភិបាលថៃមានថវិកាគ្រប់គ្រាន់ ឬក៏អត់នៅក្នុងការទិញមីស៊ីលពីអាមេរិក ខណៈដែលលោក ប្រាវិត វិញបានចេញមុខបដិសេធថា លោកមិនបានដឹងសោះពីរឿងទិញមីស៊ីលនោះ ពីព្រោះថាកងទ័ពជើងទឹកថៃ មានគ្រាប់មីស៊ីលបំពាក់លើនាវាចម្បាំងរបស់ខ្លួន រួចជាស្រេចទៅហើយ។
ជុំវិញបញ្ហាដ៏រសើបនេះ រដ្ឋាភិបាល និងកងទ័ពជើងទឹកថៃ កំពុងតែទទួលរងការរិះគន់ធ្ងន់ៗពីសាធារណជន ក៏ព្រោះតែការអះអាងមិនស្របគ្នា ខណៈដែលរបាយការណ៍ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងការបរទេសបានអនុម័តរួចទៅហើយ ទៅលើការលក់មីស៊ីល RGM-84L Harpoon Block II ទៅឲ្យរដ្ឋាភិបាលថៃ ដែលមានតម្លៃនៃកិច្ចព្រមព្រៀងចំនួន ២៤.៩លានដុល្លារអាមេរិក ស្មើនឹង ៨២៨លានបាត។ អាមេរិកបានបញ្ជាក់ទៀតថា ថៃបានព្រមព្រៀងទិញ RGM-84L Harpoon Block II ចំនួន ០៥គ្រាប់ និង RTM-84L Harpoon Block II ប្រភេទសម្រាប់ធ្វើសមយុទ្ធចំនួន ០១គ្រាប់៕