(រ៉ង់ហ្គូន)៖ អតីតប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) លោក (U Aung Shwe) បានទទួលមរណៈភាពហើយកាលពីថ្ងៃអាទិត្យ នៅឯមន្ទីរពេទ្យ Victoria Hospital ក្នុងទីក្រុងរ៉ង់ហ្គូន (Yangon)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក លោក U Aung Shwe បានទទួលមរណៈភាពក្នុងវ័យ ៩៩ឆ្នំា ដោយរោគចាស់ជរា កាលពីវេលាម៉ោងប្រមាណ ៩៖៣៦នាទីយប់ បន្ទាប់ពីលោកបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអស់មួយរយៈមកនេះ។
គួរបញ្ជាក់ថា លោក (U Aung Shwe) ធ្លាប់កាន់ដំណែងជាប្រធានគណបក្ស NLD ពីឆ្នាំ១៩៩១ រហូតដល់ឆ្នាំ២០១០ ជាពេលដែលលោកស្រី អោងសាន ស៊ូជី ឡើងកាន់តំណែងនេះបន្ត ហើយលោកក៏ធ្លាប់ធ្វើជាសមាជិក គណៈកម្មាធិការប្រតិបត្តិកណ្ដាលផងដែរ នៅពេលគណបក្ស NLD ត្រូវបានបង្កើតឡើងដោយសហស្ថាបនិក លោកស្រី អោងសាន ស៊ូជី , លោក យូ ទីន អូ (U Tin Oo) និងលោក យូ គ្យី មួង (U Kyi Maung) នៅចុងឆ្នាំ១៩៨៨៕