(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បាននិយាយថា លទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធានៅលើឧបទ្វីបកូរ៉េ គឺស្ថិតនៅក្នុងកម្រិតខ្ពស់ ហើយច្បាស់ណាស់វានឹងក្លាយជាគ្រោះមហន្តរាយ បើសិនសង្រ្គាមផ្ទុះឡើងមែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោកស្រី Zakharova ធ្វើឡើងចំពេលដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងផ្លោងសម្ដីធ្វើសង្រ្គាមដាក់គ្នាទៅវិញទៅមក។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានរុស្ស៊ី TASS អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សមាជិករដ្ឋាភិបាល និងសភាអាមេរិកខ្លះបានធានាជូនប្រជាជនរបស់ពួកគេថា នឹងមិនមានការសម្លាប់មនុស្សនៅក្នុងសហរដ្ឋអាមេរិកឡើយ តែមាននៅក្នុងប្រទេសដទៃហើយខ្ញុំគិតថា ពួកគេមិនត្រឹមតែចង់សំដៅលើកូរ៉េខាងជើងតែមួយនោះទេ ប៉ុន្តែរួមទំាងកូរ៉េខាងត្បូងផងដែរ»។
យ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយឡើយដែលទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនធ្វើសង្រ្គាមពាក្យសម្ដីជាមួយនឹងគ្នា ចំណែកឯក្រុមអ្នកជំនាញខ្លះក៏យល់ដែរថា សហរដ្ឋអាមេរិកនៅតែស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំងយោធា ត្បិតការធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង គឺជាសង្រ្គាមនុយក្លេអ៊ែរ ហើយទីក្រុងប៉េកាំងក៏នឹងមិននៅស្ងៀមដែរ បើសិនជាសង្រ្គាមកូរ៉េផ្ទុះឡើង។ មួយវិញទៀតការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា គឺគ្រាន់តែមានបំណងចង់ឱ្យចិនដាក់សម្ពាធកាន់តែខ្លាំងលើរបបដឹកនាំ លោក គីម ជុងអ៊ុន និងចង់ ឱ្យប្រទេសជាសម្ព័ន្ធមិត្តចាស់វស្សាទាំងពីរ កាន់តែឃ្លាតឆ្ងាយពីគ្នាតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃសុក្រសប្ដាហ៍មុនរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក៏បានព្រមានផងដែរថា ហានិភ័យនៃការប្រើប្រាស់កម្លាំងយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងគឺស្ថិតនៅក្នុងកំរិតខ្ពស់ ហើយទីក្រុងម៉ូស្គូ ភាគីទាំងអស់អាចរក្សាការអត់ធ្មត់ជាមូលដ្ឋាន៕