(បួរគីណាហ្វាសូ)៖ ខ្មាន់កាំភ្លើងបានបើកការវាយប្រហារទំាងកម្រោល នៅក្នុងភោជនីយដ្ឋានតួកគីមួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានី អ៊ូហ្គាឌូហ្គូ (Ouagadougou) នៃប្រទេសបួរគីណាហ្វាសូ (Burkina Faso) កាលពីថ្ងៃអាទិត្យ ខណៈកងកម្លាំងរក្សាសន្តិសុខ ត្រូវបានដាក់ពង្រាយនៅជុំវិញកន្លែងកើតហេតុ។ នេះបើតាមសាក្សីជាច្រើននាក់ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
សាក្សីនៅកន្លែងកើតហេតុបានឃើញភ្ញៀវជាច្រើននាក់ រត់ចេញមកក្រៅភោជនីយដ្ឋាន Aziz Istanbul រីឯក្រុមប៉ូលិស និងយោធាបានឡោមព័ទ្ធកន្លែងកើតហេតុនេះ។ ក៏ប៉ុន្តែភ្លាមៗពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ស្របពេលមនុស្សយ៉ាងហោចណាស់ ១៧នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត និង០៨នាក់ផ្សេងទៀតរងរបួស ហើយមនុស្សមួយចំនួនត្រូវគេចាប់ជាចំណាប់ខ្មាំង។
គួរបញ្ជាក់ថា ប្រទេស (Burkina Faso) ក៏ដូចជាប្រទេសក្នុងតំបន់អាហ្រ្វិកខាងលិចដទៃទៀតដែរ គឺពោរពេញដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។ ជាក់ស្ដែងកាលពីខែមករា ឆ្នាំ២០១៦ មនុស្ស ៣០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហាររបស់ក្រុមអាល់កៃដា (al Qaeda) មកលើភោជនីយដ្ឋាន និងសណ្ឋានគារមួយក្នុងរដ្ឋធានី (Ouagadougou)៕