(ការ៉ាកាស់)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់វេណេស៊ុយអេឡា (Sebin) លោក ហ្គូស្តាវ៉ូ ហ្គនហ្សាឡែស ឡូប៉ែស (Gustavo Gonzalez Lopez) បានប្រកាសពីការចាប់ខ្លួនមនុស្សសរុប ១៨នាក់ ជាប់ពាក់ព័ន្ធទៅនឹងគំរោងរៀបចំការវាយប្រហារទៅលើមូលដ្ឋានយោធាសំខាន់ៗ នៅក្នុងរដ្ឋ Carabobo ភាគខាងជើងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។
ទីភ្នាក់ងារ Sebin បានឲ្យដឹងថា កងកម្លាំងបានធ្វើការចាប់ខ្លួនជនសង្ស័យទាំង ១៨នាក់ ខាងលើនេះក្រោយពីពួកគេបានបញ្ចេញសកម្មភាពដ៏គួរឲ្យសង្ស័យជាច្រើន ហើយ Sebin ក៏មានភស្តុផ្សេងទៀតដែលបញ្ជាក់ថា ជនជាតិវេណេស៊ុយអេឡាទាំង ១៨នាក់នេះ បានចូលរួមនៅក្នុងសកម្មភាពភេរវកម្ម ដែលជាគំរោងត្រៀមធ្វើការវាយប្រហារ ទៅលើមូលដ្ឋានយោធាខាងលើនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ឡូប៉ែស បានសង្កត់ធ្ងន់ថា «នៅក្នុងចំណោមជនសង្ស័យទាំងនោះ មាន ០៦នាក់ គឺជាមន្ត្រីយោធា ហើយប្រមាណ ១២នាក់ផ្សេងទៀត គឺជាអ្នកដើរតាមការបង្គាប់បញ្ជារបស់ពួកគេ។ ពួកគេត្រូវបានផ្សាភ្ជាប់ជាមួយមេដឹកនាំក្រុមប្រឆាំង ពាណិជ្ជករ សមាជិកសហគមន៍ និងសមាជិកនៃព្រះវិហារ ដោយធ្វើការអនុវត្តន៍គំរោងវាយប្រហារ និងលួចយកអាវុធក្នុងគោលដៅអនុវត្តន៍ផែនការវាយប្រហារដោយហិង្សាជាចង្កោមតែម្តង»។ បច្ចុប្បន្ន Sebin កំពុងតែធ្វើការស៊ើបអង្កេតរឿងនេះបន្ត ដែលវាអាចមានជាប់ពាក់ព័ន្ធធ្ងន់ធ្ងរទៅនឹងក្រុមប្រឆាំង ដែលកំពុងតែតទល់នឹងរដ្ឋាភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ៕