(វ៉ាស៊ីនតោន)៖ ពាក្យសម្តីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មួយឃ្លាថា «ពុំអាចធានាបានទាំងស្រុងថា នឹងមិនជ្រើសរើសប្រើសកម្មភាពយោធា ប្រឆាំង​នឹង​ប្រធានាធិបតីវេណេស៊ុយអេឡា» កំពុងតែបង្កភាព​រង្គោះរង្គើរ​ជាខ្លាំង ពីសំណាក់រដ្ឋាភិបាល​​ប្រទេស​អាមេរិកឡាទីន ក៏ព្រោះស្ថានភាពនេះ​ វាមិនខុសអ្វីពីការប្រកាសធ្វើសង្គ្រាម​ឈ្លានពានប្រទេសមួយ ដូចដែល​អាមេរិក​ធ្លាប់ធ្វើទៅលើ​អ៊ីរ៉ាក់នោះឡើយ ប៉ុន្តែមន្ទីរបញ្ចកោណ​ដែលជា​ក្បាល​ម៉ាស៊ីនការពារជាតិអាមេរិកនោះ បានចេញ​មុខបន្ថយកម្តៅ ដោយបញ្ជាក់ថា ខ្លួនមិនបានទទួលបញ្ជាឲ្យចេញទ័ព ឬសព្វាវុធអ្វីឡើយ ដើម្បីប្រឆាំងទៅនឹង​​របបដឹកនាំវេណេស៊ុយអេឡា បើទោះបីជា លោក ដូណាល់ ត្រាំ បានរំលឹកពីជម្រើសនេះ នៅក្នុងបទអត្ថាធិប្បាយ​របស់​លោកក៏ដោយ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នារសៀល​ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​មន្ទីរបញ្ចកោណ លោក អេរីច ផាហុន (Eric Pahon) ត្រូវបាន​សារព័ត៌មាន CNN អាមេរិក​ធ្វើការដកស្រង់សម្តី ដែលបានថ្លែង​បញ្ជាក់យ៉ាងដូច្នេះ​នៅថ្ងៃនេះថា «មន្ទីរបញ្ចកោណ​មិនបានទទួល​បញ្ជាណាមួយ ដែល​ពាក់ព័ន្ធ​ទៅនឹងវេណេស៊ុយអេឡា​នោះឡើយ។ ប៉ុន្តែប្រសិន​បើជាមានបទបញ្ជាត្រូវបានដាក់មកនោះ យើងនឹងខិតខំ​ប្រឹងប្រែង​​​ធ្វើទៅតាម​ការបញ្ជា​របស់រដ្ឋាភិបាល ក្នុងគោលដៅការពារផល​ប្រយោជន៍​ជាតិ​​របស់យើងជានិច្ច»។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ធ្វើការទាក់ទងទៅកាន់សមភាគីអាមេរិក ដើម្បីរៀបចំកិច្ច​ពិភាក្សាឯកជន ឬកិច្ចសន្ទនាតាមទូរស័ព្ទមួយ ដើម្បីធ្វើឲ្យស្ថានការណ៍ដ៏ក្តៅគគុកនេះ ធូរស្រាលបន្តិចមកវិញ ជុំវិញបញ្ហាដែលប្រទេសអាមេរិកឡាទីនមួយនេះ បានធ្វើការប្រកាស និងតែងតាំងសភាធម្មនុញ្ញថ្មីមួយ ដោយមានសុទ្ធតែជាអ្នកគាំទ្រ លោក ម៉ាឌូរ៉ូ ជាសមាជិក។ ប្រការនេះបានធ្វើឲ្យ​សហរដ្ឋអាមេរិក​ខឹងសម្បារ​ជាខ្លាំង រហូត​ដល់ លោក ត្រាំ ធ្លោយមាត់​អះអាងថា នឹងអាចប្រើប្រាស់​យោធា ដើម្បីប្រឆាំងនឹងរបបដឹកនាំ ម៉ាឌូរ៉ូ ដែលអាមេរិក​​ទើប​តែបញ្ចូលឈ្មោះទៅក្នុង «បញ្ជីខ្មៅនៃមេដឹកនាំ​ផ្តាច់ការពិភពលោក​នោះ»។

រំលឹកកាលពីពេលនេះនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិវេណេស៊ុយអេឡា លោក វ៉្លាឌីមៀ ផាឌ្រីណូ (Vladimir Padrino) បានចេញមុខហៅពាក្យសម្តីគំរាមកំហែងប្រើ​ប្រាស់​កម្លាំង​យោ​ធាមកប្រទេសវេណេស៊ុយ របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាជាសកម្មភាពមិនគ្រប់ទឹក។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក ពុំអាចធានាបានទាំងស្រុងថា នឹងមិនជ្រើសរើសប្រើសកម្មភាពយោធាប្រឆាំង​នឹង​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នោះឡើយ ដោយសារតែការកើនឡើងនៃ ចំនួនមនុស្សស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់​​នៅក្នុងអំឡុងការធ្វើបាតុកម្មដ៏កក្រើក នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ ជុំវិញរឿងនេះ​លោករដ្ឋមន្រ្តី​ការពារជាតិវេណេស៊ុយអេឡា បានប្រាប់ស្ថានីយ៍​ទូរទស្សន៍ក្នុងស្រុកថា «វាគឺជាសកម្មភាពឡប់សតិ... ជារោគសញ្ញានៃអំពើជ្រុលនិយម។ សហរដ្ឋអាមេរិក កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់មេជ្រុលនិយម»៕

http://www.elfagr.org/upload/photo/news/255/8/600x338o/140.jpg