(អាមេរិក)៖ អង្គការ NASA បានប្រកាសអំពីជម្រើសបេសកកម្មអវកាសចំនួន០៦ ដែលអាចនឹងប្រព្រឹត្តទៅនាពេលអនាគតខាងមុខ ហើយឥឡូវនេះពួកវាទទួលបានថវិកាប្រមាណ ៧.៥លានដុល្លារថែមទៀត ដើម្បីបន្តការអភិវឌ្ឍន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។
បេសកកម្មទាំងនោះរួមមាន៖ ១៖ Arcus: នឹងសិក្សាស្រាវជ្រាវទៅលើបណ្តុំផ្កាយក៏ដូចជាកាឡាក់ស៊ី តាមរយៈការប្រើប្រាស់ប្រព័ន្ធ X-Ray ដ៏ទំនើប។ វាអាចនឹងបកស្រាយអំពីរបៀបនៃកម្រិតនីមួយៗរបស់វត្ថុតារាសាស្រ្តទាំងនេះ ធ្វើការទាក់ទងគ្នា ហើយបង្កើតចេញជារូបទាំងមូលនេះឡើង រួមទាំងអង្កេតពិនិត្យមើលទៅលើឧស្ម័នអវកាសដ៏ធំសម្បើម ដែលនៅជុំវិញនិងខាងក្នុងវត្ថុទាំងអស់នេះ។
២. FINESSE (Fast INfared Exoplanet Spectroscopy Survey Explorer): នឹងស៊ើបអង្កេតទៅលើថា តើភពទាំងឡាយកកើតឡើងដោយរបៀបណា និងអ្វីដែលបានបង្កើតបរិយាកាសរបស់ពួកវា។
៣. SPHEREx (Spectro-Photometer for the History of the Universe, Epoch of Reionization, and Ices Explore): នឹងស្ទាបស្ទង់នៅលើអង្គធាតុរបស់ផ្ទៃមេឃ តាមរយៈការប្រើប្រាស់វិធីសាស្រ្តដ៏ទំនើប ដើម្បីពិនិត្យមើលទៅលើប្រភពដើមនៃចក្រវាឡ និងការវិវឌ្ឍន៍របស់កាឡាក់ស៊ី ក៏ដូចជាការរុករកថាតើភពនានា នៅជុំវិញផ្កាយដទៃទៀត អាចទ្រទ្រង់ជាជីវិតបានដែរ ឬយ៉ាងណា។
៤. COSI-X (Compton Spectrometer and Imager Explorer): ជាកែវយឺតអវកាសរបៀបបាឡុង ដែលនឹងធ្វើការស្ទាបស្ទង់ទៅលើកាំរស្មី Gamma-Ray នៃផ្ទៃមេឃ ដើម្បីកំណត់ចំណាំនូវសារធាតុ Antimatter ជុំវិញចំណុចកណ្តាលនៃកាឡាក់ស៊ីរាងគូទខ្យងរបស់យើង។
៥. ISS-TAO (Transient Astrophysics Observer on the International Space Station): ISS-TAO គឺជាឧបករណ៍ចាប់កាំរស្មី X-Ray មួយ ដែលនឹងត្រូវបំពាក់នៅលើស្ថានីយ៍អវកាសអន្តរជាតិ ដើម្បីឃ្លាំមើលទំនាក់ទំនងរវាងកាំរស្មើ X-Ray និងរលកទំនាញ កើតចេញពីការរួមបញ្ចូលគ្នារវាងប្រហោងខ្មៅ និងផ្កាយ Neutron Star។
៦. CASE (Contribution to ARIEL Spectroscopy of Exoplanets): នឹងជួយជ្រោមជ្រែងបន្ថែមដល់បេសកកម្ម ARIEL (Atmospheric Remote-Sensing Infrared Exoplanet) ដែលកំពុងធ្វើការសិក្សាទៅលើភពឧស្ម័នយក្សធំៗ ដូចជាណិបទូន និងបណ្តាភព Super-Earth នៅប្រព័ន្ធព្រះអាទិត្យដទៃផ្សេងទៀត ក្នុងកាឡាក់ស៊ីយើងនេះ។
គួរបញ្ជាក់ថា នៅក្នុងបេសកកម្មទាំង០៦នេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺ Medium-Class Explorter (Arcus, FINESSE, SPHEREx, ) ទទួលបានថវិកាពីរលានដុល្លារសម្រាប់បេសកកម្មនីមួយៗ ដើម្បីឆ្លងកាត់ការសិក្សាបន្តរយៈពេល ០៩ខែ និង Missions of Opportunity (COSI-X, ISS-TAO, និង CASE) ទទួលបានថវិកា ០៥សែនដុល្លារ សម្រាប់បេសកកម្មនីមួយៗ ដើម្បីឆ្លងកាត់ការសិក្សាបន្តរយៈពេល ០៩ខែ ហើយបេសកកម្មចំនួនពីរនឹងត្រូវជ្រើសរើសជាចុងក្រោយ សម្រាប់ប្រភេទបេសកកម្មនីមួយៗ នៅមុនឆ្នាំ២០១៩។ ដោយឡែក កាលបរិច្ឆេទនៃការចេញបេសកកម្មឆាប់បំផុតនោះ គឺឆ្នាំ២០២២ ជាមួយកញ្ចប់ថវិកាចុងក្រោយចំនួន ២៥០លានដុល្លារ សម្រាប់ប្រភេទបេសកកម្ម Medium-Class Explorer និង ៧០លានដុល្លារ សម្រាប់ប្រភេទ Mission of Opportunity៕